(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ West Bromwich Albion បានជ្រុះពីក្របខណ្ឌ Premier League ជាផ្លូវការហើយ ក្រោយពេលចាញ់ Arsenal ៣-១ ក្នុងការប្រកួតលើកទី៣៥ របស់ពួកគេ ដោយទើបរកបាន ២៦ពិន្ទុប៉ុណ្ណោះ។

West Brom បានបន្តឈរនៅលេខរៀងទី១៩ ក្បែរបាតតារាងដោយមាន ២៦ពិន្ទុចាញ់ក្រុមលេខ១៧ Burnley ចំនួន ១០ពិន្ទុគ្រាដែលពួកគេនៅសល់ ៣ប្រកួតក្នុងដៃដើម្បីបញ្ចប់រដូវកាលនេះដ៏ពេញលេញ ដែលបានក្លាយជាក្រុមទី២ អវត្តមានលេងពានលីគកំពូលអង់គ្លេសចាប់ពីរដូវកាល ២០២១-២០២២ នៅពេល Sheffield United បានប្រកាសកាត់ចេញពី Premier League កាលពីថ្ងៃទី១៧ ខែមេសា ដែលទើបមាន ១៧ពិន្ទុប៉ុណ្ណោះ។

ចំណែកឯក ៣ពិន្ទុរបស់ Arsenal វិញ បានធ្វើឲ្យក្រុមរបស់លោក Mikel Arteta ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៩ វិញ ដោយមាន ៥២ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៥ របស់ពួកគេមានគម្លាត ៦ពិន្ទុពីក្រុមលេខ៥ West Ham United ក្នុងតំបន់កៅអីលេងនៅ UEFA Europa League ដ្បិតពួកគេទើបតែជ្រុះចេញពីពានអឺរ៉ុបនេះ ក្រោមថ្វីជើងរបស់ Villarreal នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករ Smith Rowe, Nicolas Pepe និង Willian ជាអ្នករកបានគ្រាប់ជ័យជម្នះម្នាក់ ១គ្រាប់ពីការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Emirates នៅពេលដែល Costa Pereira រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ West Bromwich Albion មុនពេលត្រឡប់ទៅលេងក្នុងក្របខណ្ឌទី២ Championships វិញ ក្រោមការបង្វឹករបស់លោក Sam Allardyce៕