(អាមេរិក)៖ ទឹកប្រាក់ចំនួនជិត ៤២ពាន់លានដុល្លារត្រូវបានចំណាយទៅលើសេវា Cloud នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ដោយក្រុមហ៊ុនអាជីវកម្មភាគច្រើនបានងាកមកប្រើ Cloud ដើម្បីអាចបន្តដំណើរការអាជីវកម្មបាន នៅក្នុងអំឡុងវិបត្តិកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្មីៗនេះ។

ស្ថាប័នវិភាគ Canalys បាមឲ្យដឹងថា នៅក្នុងត្រីមាសទី១នេះ មានក្រុមហ៊ុនមួយចំនួនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ ដោយបានប្រើប្រាស់សេវាកម្ម Cloud ដោយគិតជាទឹកប្រាក់មានរហូតដល់ជាង ១១ពាន់លានដុល្លារអាមេរិក ខណៈដែលទឹកប្រាក់នៃការប្រើប្រាស់សេវាកម្ម Cloud សរុបមានរហូតដល់ ៤១.៨ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា សេវាកម្ម Cloud ពិតជាបានជួយសង្គ្រោះដល់ក្រុមហ៊ុនជាច្រើននៅក្នុងអំឡុងពេលកូវីដនេះ ហើយក៏មានក្រុមហ៊ុនជាច្រើនបានផ្លាស់ប្ដូរសេវាកម្មរបស់ខ្លួនមកប្រើជាលក្ខណៈឌីជីថលវិញផងដែរ។

ក្រុមហ៊ុនដែលទទួលបានជោគជ័យខ្លាំងជាងគេនៅក្នុងការផ្ដល់សេវាកម្ម Cloud នៅត្រីមាសទី១នេះគឺ Amazon Web Services របស់ក្រុមហ៊ុនលក់ទំនិញយក្ស Amazon ដោយផ្ដោបបានចំណែកទីផ្សាររហូតដល់ ៣២ភាគរយ ខណៈ Azure របស់ក្រុមហ៊ុន Microsoft មានត្រឹមតែ ៧ភាគរយនៃទីផ្សារសរុបប៉ុណ្ណោះ៕