(ភ្នំពេញ)៖ ជាលក្ខខណ្ឌ នៃកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» បេក្ខនារីមកពីប្រទេសនីមួយៗតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩ ខណៈបេក្ខនារីកម្ពុជា កញ្ញា រ៉េត សារីតា ជាលទ្ធផលបានបង្ហាញថា មិនមានជំងឺកូវីដ-១៩នោះឡើយ ខណៈបច្ចុប្បន្ននាងកំពុងជួបជុំជាមួយបេក្ខនារីមកពីប្រទេសផ្សេងៗទៀត និងកំពុងបន្តសកម្មភាពនានា នៃកម្មវិធី «Miss Universe» នៅសហរដ្ឋអាមេរិក។

បើយោងតាមបណ្តាញសង្គមផ្លូវការរបស់បវរកញ្ញាកម្ពុជា កញ្ញា រ៉េត សារីតា បានប្រាប់ទៅកាន់អ្នកគាំទ្រថា នាងបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩។ ក្រោយប្រាប់ពីដំណឹងនេះ គេសង្កេតឃើញថា នាងមានសកម្មភាពថ្មីៗជាបន្តបន្ទាប់ ជាមួយបណ្តាបេក្ខនារីមកពីប្រទេសផ្សេងៗទៀត នៃកម្មវិធីប្រឡងបវរកញ្ញា «Miss Universe» ឆ្នាំ២០២០។ ជាពិសេស សកម្មភាពរបស់បេក្ខនារីតំណាងប្រទេសកម្ពុជា គឺរួសរាយ រាក់ទាក់ ប្រកបដោយភាពស្វាហាប់តែម្តង មិនថាសកម្មភាពអ្វីឡើយ។

ខណៈថ្ងៃប្រកួតលើឆាក បង្ហាញឈុតតំណាងជាតិ កំពុងតែខិតចូលមកដល់ អ្នកគាំទ្រមិនតិចនោះទេ របស់កញ្ញា រ៉េត សារីតា អន្ទះសារចង់ឃើញ និងគ្រប់គ្នាបានបង្ហាញពីភាពជឿជាក់ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះបវរកញ្ញារូបនេះ ត្បិតរាល់សកម្មភាពរបស់នាង ជាមួយបេក្ខនារីនានា គឺបង្ហាញពីភាពរឹងមាំ ស័ក្កិសមជាបេក្ខនារីតំណាងប្រទេស។

សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូប ដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញ គឺនាងមានការចេះដឹងច្រើន ព្រោះក្រៅពីអាចនិយាយភាសាខ្មែរបានល្អហើយនោះ នាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ។ រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Freshie Girl រហូតដល់ទៅ២លើក រួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការងារសិល្បៈដោយមិនរុញរា រហូតបានក្លាយជាតារាសម្តែង និងជាពិធីការិនីមានទេពកោសល្យ ប្រកបដោយភាពបត់បែនខ្ពស់ផងដែរ៕