(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United ធានាបានកៅអីលេងនៅ UEFA Champions League សម្រាប់រដូវកាលក្រោយជាផ្លូវការហើយ ពីការបញ្ចប់ក្នុងតំណែង Top-4 នៅ Premier League នៅពេលរកបាន ៣ពិន្ទុពីក្នុងផ្ទះរបស់ Aston Villa ក្នុងសប្តាហ៍ទី៣៥ ជើងទី២ នៅរាត្រីថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្រុមរបស់លោក Ole Gunnar Solskjaer បានធ្វើការដាក់សម្ពាធទៅលើម្ចាស់ផ្ទះ Aston Villa រហូតដល់រកបាន ៣គ្រាប់វិញផងដែរ នៅក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Villa Park នៅពីក្រោយកីឡាករ Bertrand Traore រកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះតាំងពីនាទី២៤ មក។

Bruno Fernandes, Mason Greenwood និង Edinson Cavani ជាអ្នករួមចំណែករកបានម្នាក់ ១គ្រាប់ក្រៅដីនេះ ក្នុងការជួយក្រុមកក់កៅអី UCL រួចជាស្រេចទោះនៅសល់ ៣ប្រកួតមុនបិទរដូវកាលក៏ដោយ ដ្បិតពួកគេរកបាន ៧០ពិន្ទុ នាំមុខក្រុមលេខ៥ ញញួរធំ West Ham United ដែលមានតែ ៥៨ពិន្ទុ នៅពេលដែលពួកគេបានចាញ់ Everton ១-០ ផងដែរនៅរាត្រីថ្ងៃអាទិត្យ។

នេះមានន័យថា Manchester United ដណ្តើមបានកៅអី UEFA Champions League ដ៏លឿនបំផុតជាលើកដំបូង គិតចាប់តាំងពីគ្រូតា Sir-Alex Ferguson លាឈប់ដឹកនាំកាលពីឆ្នាំ២០១៣ មក៕