(ក្រុងរីយ៉ូ)៖ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិនឈ្មោះស៉ីណូវ៉ាក់ (Sinovac) ដល់កីឡាករក្នុងបណ្តាប្រទេស ដែលស្ថិតក្រោមសហព័ន្ធរបស់គេ ដើម្បីត្រៀមរៀបចំការប្រកួតពាន Copa America លើកទី៤៧ ក្រោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Sinovac Biotech ចំនួន ៥ម៉ឺនដូស។ នេះបើតាមការចុះផ្សាយដោយ Goal ដែលជាគេហទំព័របាល់ទាត់អនឡាញដ៏ធំបំផុតរបស់ពិភពលោក។

ប្រភពដដែលបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កីឡាករនៅតំបន់អាមេរិកឡាទីននេះបានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលបានធ្វើឲ្យសហព័ន្ធមួយនេះ ក្លាយជាអង្គការមិនមែនរដ្ឋាភិបាលដំបូងគេលើពិភពលោក ទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន ដើម្បីប្រើប្រាស់សម្រាប់កីឡាករក្នុងតំបន់របស់ពួកគេ។

* ហេតុអ្វីបានជា CONMEBOL ទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់?
ព្រឹត្តិការណ៍ Copa America 2021 ដែលជាពានរង្វាន់ជើងឯកប្រចាំអាមេរិកខាងត្បូង (អាមេរិកឡាទីន) លើកទី៤៧ នឹងរៀបចំឡើងដោយសហម្ចាស់ផ្ទះអាហ្សង់ទីន និងកូឡុំប៊ី ចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា។ ដើម្បីឲ្យការរៀបចំការប្រកួតនៅរដូវក្តៅនេះប្រព្រឹត្តទៅបាន ការចាក់វ៉ាក់សាំងដល់កីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានកំណត់ជាគោលការណ៍ចម្បង ហើយអ្នករៀបចំបានប្រឹងប្រែងរកវ៉ាក់សាំងដែរ ប៉ុន្តែមិនមានការឧបត្ថម្ភនោះទេ។

ដំណឹងល្អត្រូវបានបង្ហាញឡើងវិញ តាមរយៈកំពូលកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីន Lionel Messi។ យោងតាមគេហទំព័រសារព័ត៌មានដ៏ល្បីរបស់អង់គ្លេស The Guardian បានឲ្យដឹងថា Lionel Messi គឺជាអ្នកដែលជួយឲ្យសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងទទួលបានវ៉ាក់សាំង ៥ម៉ឺនដូសពីក្រុមហ៊ុនចិន Sinovac Biotech។

ការឯកភាពផ្តល់វ៉ាក់សាំងពីក្រុមហ៊ុនស៉ីណូវ៉ាក់ ត្រូវបានបញ្ជាក់ច្បាស់លាស់ ក្រោយពីកីឡាករ Messi បរិច្ចាគអាវយឺតដែលមានហត្ថលេខារបស់ខ្លួន ចំនួន៣ ទៅកាន់ក្រុមហ៊ុននេះ។ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងបានថ្លែងអំណរគុណក្រុមហ៊ុនស៉ីណូវ៉ាក់ ខណៈក្រុមហ៊ុនមួយនេះផ្តល់ការកោតសរសើរដល់ Messi ចំពោះការចូលរួមធ្វើឲ្យការចរចាសុំវ៉ាក់សាំងប្រព្រឹត្តទៅដោយជោគជ័យ។

«ក្រុមហ៊ុនស៉ីណូវ៉ាក់ បានសម្តែងនូវសេចក្តីកោតសរសើរទៅកាន់កីឡាករ Messi ដែលផ្តល់អាវយឺតចំនួន៣ ទៅពួកគេ»។ នេះបើតាមលោក Gonzalo Belloso មន្ត្រីម្នាក់របស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បង្ហោះសារនៅលើបណ្តាញ Twitter ដកស្រង់ចេញផ្សាយដោយ The Guardian។

* ដំណើរការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់របស់ CONMEBOL
គេហទំព័រ Goal បានផ្សព្វផ្សាយថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កីឡាករនៅតំបន់អាមេរិកខាងត្បូង បានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ កីឡាករបាល់ទាត់ក្នុងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ដែលបានចាក់វ៉ាក់សាំងស៉ីណូវ៉ាក់មុនគេនោះ គឺខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Maxi Perez។

ក្រោយចាក់វ៉ាក់សាំងរួច កីឡាកររូបនេះបានថ្លែងប្រាប់សារព័ត៌មាន Referi យ៉ាងដូច្នេះថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់! ការចាក់វ៉ាក់សាំងនេះ គឺជាជំហានតូចមួយ ដែលកីឡាបាល់ទាត់ត្រូវតែធ្វើ។ យើងកំពុងតែស្ថិតនៅលើសេណារីយ៉ូដ៏ល្អ ដែលអ្នកគាំទ្រអាចត្រឡប់ទៅមើលបាល់ទាត់វិញ ហើយវាក៏ជាការល្អសម្រាប់ក្លិបទាំងអស់ ក្នុងការចាប់យកអត្ថប្រយោជន៍នេះដែរ»

បើតាមប្រភពពី Goal បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូចគ្នានេះនៅថ្ងៃដដែល ត្រូវបានគេពិនិត្យឃើញនៅប្រទេសប៉ារ៉ាហ្គាយ គ្រាដែលកីឡាករនៅតាមបណ្តាប្រទេសផ្សេងៗទៀតដែលត្រូវលេងពាន Copa America ត្រូវបានរំពឹងថា រៀបចំចាក់វ៉ាក់សាំងជាបន្តបន្ទាប់ដែរ។ នៅប៉ារ៉ាហ្គាយ កីឡាករបាល់ទាត់ដែលទទួលបានវ៉ាក់សាំងមុនគេនោះមានឈ្មោះថា Aldo Vera។

* តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar នឹងចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ដែរទេ?
កីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក រួមមាន Lionel Messi និង Neymar ដែលស្ថិតក្នុងចំណោមបណ្តាកីឡាករបាល់ទាត់រាប់រយនាក់ទៀត របស់អាមេរិកខាងត្បូង ក៏ត្រូវបានរំពឹងថា នឹងតៀមទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់របស់ប្រទេសចិនជាបន្តបន្ទាប់ដែរ។ នេះបើយោងតាមការប្រកាសរបស់ CONMEBOL ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

កីឡាករអាហ្សង់ទីន Messi តារាឆ្នើមរបស់ក្លិបកំពូលអេស្ប៉ាញ FC Barcelona និងកីឡាករប្រេស៉ីល Neymar តារាឆ្នើមរបស់ក្លិបកំពូលបារាំង Paris Saint-Germain ត្រូវបានរំពឹងទុកថា នឹងស្ថិតក្នុងចំណោមការទាក់ទាញដ៏ធំបំផុតនៃការប្រកួតពាន Copa America។ មិនទាន់មានដំណឹងថា អ្នកទាំងពីរបានចាក់វ៉ាក់សាំងកូវីដនោះទេ ខណៈលីគកំពូលរបស់បារាំង League 1 និង La Liga របស់អេស្ប៉ាះដែលកីឡាករទាំងពីរកំពុងស្ថិតនៅ មិនទាន់ចប់ដូចគ្នា។

សូមជម្រាបថា សហព័ន្ធបាល់ទាន់អាមេរិកខាងត្បូង បានចាប់ផ្តើមចែកចាយវ៉ាក់សាំងស៉ីណូវ៉ាក់ ទៅកាន់សមាជិករបស់ខ្លួន បន្ទាប់ពីវ៉ាក់សាំងទាំង ៥ម៉ឺនដូស ត្រូវបានដឹកទៅដល់រដ្ឋធានីម៉ុងតេអូ ប្រទេសអ៊ុយរ៉ាហ្គាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

លោក Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងបានថ្លែងសារលើបណ្តាញ Twitter របស់គាត់បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងសម្រាប់វិស័យបាល់ទាត់នៅ CONMEBOL បានមកដល់ហើយ។ អរគុណចំពោះក្រុមហ៊ុន Sinovac Biotech Ltd សម្រាប់កាយវិការនៃសាមគ្គីភាព និងដើម្បីស្វែងយល់ពីតម្លៃសង្គម និងវប្បធម៌ដ៏ធំសម្បើម ដែលបាល់ទាត់មាននៅក្នុងប្រទេសនានានៃទ្វីបរបស់យើង»។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហាញលើគេហទំព័ររបស់ខ្លួន ដកស្រង់ការផ្សាយដោយសារព័ត៌មានស៉ីនហួរ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានឲ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនឹងផ្តល់អាទិភាពលើក្រុមជម្រើសជាតិ គ្រូបង្វឹក មន្ត្រីកីឡា និងកម្មករផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងការរៀបចំពានរង្វាន់ Copa America។ សហព័ន្ធនេះបានឲ្យដឹងបន្ថែមថា វ៉ាក់សាំងទាំងនេះក៏នឹងត្រូវបានប្រើប្រាស់ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមពីបណ្តាក្លិបកំពូលៗក្នុងតំបន់ផងដែរ។

ដំបូងឡើយកាលវិភាគសម្រាប់ឆ្នាំ២០២០ ការរៀបចំការប្រកួតពានរង្វាន់ Copa America លើកទី៤៧ ត្រូវបានពន្យារពេលប្រមាណអស់ ១ឆ្នាំ ព្រោះតែវិបត្តិនៃការរាលដាលជំងឺកូវីដ១៩។ នេះបើតាមប្រភពពីសារព័ត៌មានចិនស៉ីនហួរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជាពេលស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល។ ការបង្ហើបខាងលើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានកូនខ្មែរមួយរូប ស្នើសុំសម្តេចតាមរយៈការ Comment នៅលើ Facebook សម្តេចដោយផ្ទាល់៕

ប្រភព៖ គេហទំព័រ Goal, The Guardian និង Xinhua