(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Fulham នឹងត្រឡប់ទៅលេងក្នុងក្របខណ្ឌ Championships វិញចាប់ពីរដូវកាលក្រោយ នៅពេលបរាជ័យក្នុងផ្ទះ ២-០ ក្រោមថ្វីជើងរបស់ Burnley ក្នុងប្រកួតសប្តាហ៍ទី៣៥ ជើងទី២ របស់ពួកគេ។

នេះមានន័យថា Fulham ជាក្រុមទី៣ ចុងក្រោយគេដែលបានជ្រុះចេញលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពី West Bromwich Albion និង Sheffield United។

ក្នុងចំណោម ៣៥ប្រកួតមកនេះ Fulham ដែលទើបឡើងមកលេងនៅ PL រដូវកាលនេះ រកបានតែ ២៧ពិន្ទុប៉ុណ្ណោះពីការឈ្នះ ៥ដង ស្មើ១២ដង និងចាញ់មានដល់ទៅ ១៨ដង ឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលនារដូវកាលក្រោយដ្បិតនៅសល់ ៣ប្រកួតទៀតនឹងបិទរដូវកាលក៏ដោយ។

នេះក៏ជាលើកទី១ ផងដែរនៅ Premier League បានរកឃើញក្រុមធ្លាក់ចេញពីក្របខណ្ឌទី១ នេះទាំងដែលនៅសល់ ៣ប្រកួតទៀត នៅពេលដែលក្រុមរបស់លោក Scott Parker នៅឆ្ងាយពីតំបន់កាត់ចោលរហូតដល់ ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៥នេះ៕