(អាមេរិក)៖ ក្រុមមន្ត្រីច្បាប់មកពីរដ្ឋចំនួន ៤០ របស់សហរដ្ឋអាមេរិក បាននាំគ្នាដាក់សំណើទៅកាន់ក្រុមហ៊ុន Facebook ជាពិសេស ទៅ កាន់លោក Mark Zuckerberg ដោយផ្ទាល់ ក្នុងគោលបំណងឱ្យបោះបង់នូវផែនការបង្កើតកម្មវិធី Instagram សម្រាប់ក្មេងក្រោម អាយុ ១៣ឆ្នាំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្ត្រីច្បាប់ទាំងនោះបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលនាំឱ្យប៉ះពាល់ដល់កុមារ ហេតុនេះហើយទើបពួកគេស្នើសុំឱ្យបញ្ឈប់ ផែនការបង្កើត Instagram សម្រាប់ក្មេងៗ។

នៅក្នុងលិខិតស្នើសុំបានបញ្ជាក់ថា «ការប្រើប្រាស់បណ្ដាញសង្គមអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាព និងសុខមាលភាពរបស់ កុមារ ជាពិសេសគឺសម្រាប់កុមារដែលខ្សោយបបញ្ញា ព្រោះថាការគិត វិភាគ និងដោះស្រាយបញ្ហារបស់គេនៅក្នុងកម្រិតទាប ហើយ ការ ប្រើប្រាស់បណ្ដាញសង្គមវាសម្បូរទៅដោយរឿងមិនល្អជាច្រើន»

នៅក្នុងលិខិតក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា «លើសពីនេះ ក្រុមហ៊ុន Facebook ក៏បរាជ័យក្នុងការការពារ នូវ បញ្ហា ទាំងនេះ កន្លងមកជាប្រវត្តិសាស្ត្រផងដែរ ដូច្នេះ Facebook និងលោក Mark Zuckerberg គួរតែពិចារណាឡើងវិញនូវចំណុចនេះ»

ពាក់ពន្ធនឹងចំណុចនេះ ក្រុមហ៊ុន Facebook ធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា កម្មវិធី Instagram សម្រាប់កុមារនឹងមិនមាន ការផ្សព្វផ្សាយពាណិជ្ជកម្ម និងមាតិកាដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ និងសុខភាពរបស់កុមារទេ ប៉ុន្តែការអះអាងនេះនៅតែធ្វើឱ្យ ក្រុមមន្ត្រីច្បាប់ និងអង្គការនានា នៅតែមិនទុកចិត្ត។

គួរបញ្ជាក់ផងដែរថា ដោយសារតែឃើញពីពេញនិយម និងតម្រូវការជាច្រើននោះ ទើបក្រុមហ៊ុន Facebook ដែលជាមេធំរបស់ Instagram មានបំណងចង់បង្កើត Instagram សម្រាប់កុមារឡើង ដែលអាចប្រើប្រាស់បានក្រោមអាយុ ១៣ឆ្នាំ៕