(ភ្នំពេញ)៖ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានសហការជាមួយវេជ្ជបណ្ឌិតរ៉ូលី មកពីមន្ទីរពេទ្យ Hospital Beyond Boundaries ដើម្បីរៀបចំនូវកម្មវិធីសប្បុរសធម៌មួយសម្រាប់គ្រួសារមូស្លីមក្រីក្រ ក្រោមឈ្មោះថាកម្មវិធីសប្បុរសធម៌ Hari Raya របស់ធនាគារ អ អេច ប៊ី (ខេមបូឌា)។

ក្នុងកម្មវិធីសប្បុរសធម៌នេះ បានផ្តល់អំណោយជាម្ហូបអាហារដែលមានតំលៃ ១០០ដុល្លារ ជូនដល់គ្រួសារចំនួន ៤០ គ្រួសារ ដើម្បីត្រៀមសម្រាប់ការប្រារព្ធពិធីអបអរសាទរ Hari Raya នៅឯម៉ាហ្សីដណឺរណែម ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ គីឡូលេខ៨ ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍សប្បុរសធម៌នេះ ក៏មានការចូលរួមពីសំណាក់ លោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបានថ្លែងអំណរគុណដល់ធនាគារ ដែលបានខិតខំជួយដល់អ្នកដែលខ្វះខាតក្នុងពេលចាំបាច់ ដែលត្រូវចំជាខែដ៏បរិសុទ្ធនៃការតមអាហារដែលត្រូវបានគេស្គាល់ផងដែរថា រ៉ាម៉ាដាន (Ramadan)។

ប្រធានផ្នែកលក់រាយរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោក Leong Moon Fei បានតំណាងឱ្យធនាគារ ក្នុងការប្រគល់អំណោយសប្បុរសធម៌ ដល់ក្រុមគ្រួសារទាំងអស់ផងដែរ។

គ្រួសារក្រីក្របានសម្តែងនូវភាពរីករាយនិងថ្លែងអំណរអរគុណចំពោះធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះ ដោយបានជួយដល់ក្រុមគ្រួសារពួកគេអាចធ្វើការប្រារព្ធកម្មវិធីអបអរសាទរ Hari Raya បាន។ ពួកគាត់បាននិយាយថា ជាមួយនឹងអំណោយទាំងនេះ ពួកគាត់អាចចូលរួមរីករាយជាមួយមិត្តភក្តិ និងអ្នកជិតខាងក្នុងកំឡុងពេលនៃការប្រារព្ធពិធីអបអរសាទរ Hari Raya។

ជារួមមក កម្មវិធីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងប្រកបដោយបរិយាកាសរីករាយនិងអ៊ូអរ ហើយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានទទួលនូវមតិឆ្លើយតបវិជ្ជមាជាច្រើន ដោយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ត្រូវបានចងចាំមិនភ្លេចពីការជួយដល់អ្នកដែលខ្វះខាត និងជួបការលំបាកក្នុងគ្រាដ៏លំបាកនេះ។

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នឹងបន្តសកម្មភាពសប្បុរសធម៌របស់ខ្លួនជួយដល់អ្នកដែលខ្វះខាត និងជួបការលំបាក និងស្វែងរកឱកាសផ្សេងៗដើម្បីចូលរួមចំណែកជួយដល់ប្រទេសជាតិនិងសង្គម។

សូមជម្រាបថា ធនាគារ អ អេច ប៊ី គ្រុប ជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុ រួមបញ្ចូលគ្នាយ៉ាងពេញលេញធំជាងគេទី ៤ នៅក្នុងប្រទេសម៉ាឡេស៉ី ដែលមានភាពខ្លាំងលើសេវាកម្មជាង ១០០ ឆ្នាំ និងមានវត្តមាននៅក្នុងតំបន់នៅក្នុងបណ្តាប្រទេសអាស៊ាន។

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០០៨ ហើយបច្ចុប្បន្នមានសាខាចំនួន ១២ កំពុងប្រតិបត្តិការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ធនាគារ អ អេច ប៊ី គ្រុប នៅកម្ពុចា ក៏ផ្តល់ជូននូវសេវាកម្មធនាគារវិនិយោគ ដែលគ្របដណ្តប់ទីផ្សារមូលធន និងឈ្មួញជើងសា ដើម្បីបំពេញនូវសេវាកម្មសម្រាប់សកម្មភាពធនាគារពាណិជ្ជរបស់ខ្លួនផងដែរ៕