(ក្រុងឡុងដ៍)៖ ប្រភពថ្មីៗនេះបានឲ្យដឹងថា សហព័ន្ធ UEFA បានកំពុងតែវាយតម្លៃទៅលើប្រទេសព័រទុយហ្គាល់នៃការធ្វើម្ចាស់ផ្ទះប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Champions League ជាជាងកីឡដ្ឋាន Wembley របស់ចក្រភពអង់គ្លេស ដែលជាទីតាំងមិនទាន់ទទួលបានការធានានៅរាល់បញ្ហាមួយចំនួន។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ប្រទេសព័រទុយហ្គាល់ បានក្លាយជាបេក្ខភាពមួយដែលត្រូវបានរំពឹងថា ជាទីតាំងល្អមួយក្នុងការទទួលបានសិទ្ធិពី UEFA សម្រាប់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះរវាងក្រុមខ្លាំងអង់គ្លេសទាំងពីរ Manchester City និង Chelsea ក្នុងនោះសហព័ន្ធគ្រប់គ្រងបាល់ទាត់ UEFA និងរដ្ឋាភិបាលអង់គ្លេស ជាមួយសមាគមបាល់ទាត់អង់គ្លេស បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ទី១០ ខែឧសភា ក្នុងការពិភាក្សា ដើម្បីផ្លាស់ប្តូរការប្រកួតពីទីក្រុង Istanbul ប្រទេសតួកគីវិញ ដែលកំពុងស្ថិតក្នុងបញ្ជីក្រហមនៃវិបត្តិ COVID-19។

ប្រទេសនៅអឺរ៉ុប ព័រទុយហ្កាល់គឺស្ថិតនៅក្នុងបញ្ជីបៃតង ដែលអាចធ្វើឲ្យក្រុមអ្នកគាំទ្រមានសិទ្ធិ និងត្រូវបានអនុញ្ញាតចូលរួមទស្សនាការប្រកួតដែលធ្វើឡើងនៅថ្ងៃទី២៩ ចុងខែនេះ ខណៈមកទល់ពេលនេះ ការប្រកួតដែលគ្រោងប្តូរមក Wembley នោះ នៅមិនទាន់មានកិច្ចព្រមព្រៀងគ្នារវាងរដ្ឋាភិបាលអង់គ្លេស និង UEFA នៅឡើយទេ គ្រាដែល UEFA បានបង្ហាញថា ការប្តូរនេះអាចមានផលល្អចំពោះផ្នែកក្រុមហ៊ុនឧបត្ថម្ភ និងក្រុមផ្សព្វផ្សាយ ដូចជាទីក្រុង Lisbon ក៏ស្ថិតជាទីតាំងល្អមួយផងដែរ៕