(កម្ពុជា)៖ ស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ទាំងក្នុងវិស័យទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជាប្រវត្តិសាស្ត្រជាដើម ខណៈរមណីយដ្ឋានដ៏ពិសិដ្ឋមួយនេះ គឺជាទីទស្សនាដ៏ចំណាស់ជាងគេមួយនៅប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាមកច្រើនជាហូរហែ (មុនពេលមានកូវីដ)។

ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះទៀតសោត ក៏បានក្លាយជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា។ ក៏មានដែរនូវភស្តុតាងប្រវត្តិសាស្ត្រមួយចំនួន តាំងពីសម័យអាណានិគមនិយមបារាំង ដែលបានបន្សល់ទុកក្នុងអតីតព្រះរាជឧទ្យានមួយនេះ។

ឯកសារខ្លះបានបញ្ជាក់ថា ភ្នំបូកគោ ត្រូវបានអ្នកស្រាវជ្រាវខ្មែរ-បារាំង ដឹកនាំដោយលោក រូលួស (ជនជាតិបារាំង) ឡើងទៅដល់កំពូលភ្នំ នៅអំលុងគ្រិស្ដសករាជ ១៩១៧ ដោយពួកគេបានរកឃើញទីតាំងពិសេសៗជាច្រើន អមដោយបរិយាសកាសអំណោយផលចំពោះសុខភាព ក្រោមសម្ពាធបរិយាកាសត្រជាក់ស្រស់ស្រាយ។ ក្រោយពីរកឃើញទីតាំងដ៏សែនរមណីយមួយនេះហើយ រាជការខ្មែរបានសហការជាមួយរដ្ឋការអាណានិគមបារាំង រៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយ នៅអំលុងគ្រិស្ដសករាជ ១៩២២។ ពួកគេក៏បានកសាងព្រះវិហារកាតូលិក ឬ Church (ឆឺច) នៅអំឡុងគ្រិស្ដសករាជ ១៩២៨ ដែលជាវិហារគ្រិស្ដសាសនាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។

ដោយសារកត្តាធម្មជាតិ និងអាកាធាតុអំណោយផលដ៏ពិសិដ្ឋផងនោះ សូម្បីតែព្រះករុណា ព្រះបាទសម្ដេច ស៉ីសុវត្ថិ មុនីវង្ស ក៏ព្រះអង្គគាប់ព្រះរាជហឫទ័យជាខ្លាំងចំពោះរមណីយភាពនៅលើភ្នំបូកគោនេះដែរ ដោយព្រះអង្គបានកសាងព្រះរាជដំណាក់ជាច្រើនកន្លែងនៅលើភ្នំបូកគោនេះ។ ក្នុងគ្រិស្ដសករាជ ១៩២៤ ហ្លួងព្រះករុណា ព្រះបាទស៉ីសុវត្ថិ មុនីវង្ស បានចេញព្រះរាជឱង្កាឱ្យគេសាងសង់វត្ត និងព្រះវិហារព្រះពុទ្ធសាសនាមួយ ដោយក្រោយមកបានជាប់ឈ្មោះថា «វត្តសំពៅប្រាំ»។ ប្រវត្តិសាស្ត្របានសរសេរថា ព្រះបាទស៉ីសុវត្ថិ មុនីវង្ស «ព្រះខត្តិយកោដ្ឋ» បានយាងសោយទិវង្គត ក្នុងព្រះរាជដំណាកលើភ្នំបូកគោនេះ នាចុងគ្រិស្ដសករាជ ១៩៤១។

ទំនងដោយសារព្រះរាជវត្តមានរបស់ព្រះករុណា ព្រះបាទសម្ដេច ស៉ីសុវត្ថិ មុនីវង្ស ដូច្នេះហើយ ទើបរាជការខ្មែរនាសម័យអាណានិគមបារាំងបានប្រសិទ្ធនាមទីនោះថា «ឧទ្យានជាតិព្រះមុនីវង្ស-បូកគោ» ជាដរាបរៀងមក។

ភ្ញៀវទេសចរនៅតែពេញនិយមទៅទស្សនា និងសម្រាកលម្ហែនៅរមណីយដ្ឋានភ្នំបូកគោរហូតដល់សម័យសង្គមរាស្ត្រនិយម ប៉ុន្តែរហូតដល់ទសវត្សរ៍ទី ៦០ រមណីយដ្ឋានភ្នំបូកគោនេះត្រូវបានបោះបង់ចោលដល់ទៅ ២ លើកឯណោះ ក្នុងនោះលើកទី១ នៅឆ្នាំ១៩៤០ និងលើកទី២ នៅឆ្នាំ១៩៧២។ នៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកទីតាំងរមណីយដ្ឋានភ្នំបូកគោនេះ បង្កើតជាឧទ្យានជាតិមួយឡើងមានឈ្មោះផ្លូវការថា ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។ យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលឡាយព្រះហស្តលេខាដោយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានកំណត់យកផ្ទៃដីនៃឧទ្យានជាតិភ្នំបូកគោនេះត្រឹមតែ ១៤០,០០០ ហិកតាប៉ុណ្ណោះ ដោយបានទុកតំបន់ទ្រនាប់ជាច្រើនអន្លើទៀត សម្រាប់ប្រជាជនរស់នៅជុំវិញទីនោះប្រមូលអនុផលធម្មជាតិ និងប្រកបរបរកសិកម្ម នេសាទជាដើម។

ចាប់ពីបង្កើតជាឧទ្យានជាតិនោះមក នៅលើបរិវេណភ្នំបូកគោមាននៅសេសសល់សំណង់ចម្រុះរចនាប័ទ្មបារាំង-ខ្មែរជាច្រើន ដែលបន្សល់ទុកកាលពីសម័យអាណានិគមបារាំង។ ចំពោះវិហារកាតូលិកដែលត្រូវបានកសាងឡើងនៅគ្រិស្ដសករាជ ១៩២៨ នោះ ត្រូវបានក្រសួងបរិស្ថានបានប្រគល់ឱ្យសមាគមគ្រិស្តបរិស័ទរៀបចំជួសជុលឡើងវិញ នៅឆ្នាំ២០១៧។ រីឯព្រះរាជដំណាក់ព្រះបាទ ស៉ីសុវត្ថិ មុនីវង្ស ក៏ត្រូវបានក្រុមហ៊ុន Sokha Hotel ជួសជុលកែលម្អជាសណ្ឋាគារផ្កាយ ៥ តាមលំនាំដើមវិញផងដែរ។ នៅឆ្នាំ២០១០ គេបានកសាងរូបសំណាក «លោកយាយម៉ៅ» ដ៏ធំមួយ មានកម្ពស់ ២៩ ម៉ែត្រ ដែលជារូបសំណាកខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជា។

ក្រៅពីសំណង់សាសនា និងសម្បត្តិបេតិកភណ្ឌទាំងនេះ ភ្នំបូកគោក៏នៅមានទស្សនីយភាពធម្មជាតិជាច្រើនទៀត ដូចជា ទឹកជ្រោះពពកវិល បឹងទឹកសាប វាលស្រែមួយរយ វាលស្រែប្រាំរយ វាលផ្កាបំពង់ក្រឡោម ដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិនេះតែមួយគត់។ ពិសេសលើសពីនេះទៀត ពពួកសត្វព្រៃ និងពពួកបក្សីជាច្រើនប្រភេទ ក៏មានវត្តមាននៅតំបន់នេះដែរ ដូចជា ពពួកពានរ ទោច ឈ្លួស ទន្សោង ស្ទាំង កងកេងធំ កងកេងតូចជាដើម។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បាននិយាយថា ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានក្លាយជាមេដែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅក្នុង «ប៉ូលទេសចរណ៍តំបន់ឆ្នេរ» ផងដែរ។

សូមជម្រាបថា ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» មានចម្ងាយប្រមាណ ៤៦ គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ឧទ្យាននេះមានរយៈកម្ពស់ចន្លោះពី ៧៥០ ដល់ ១,០៧៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ៕