(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទំនងមិនមានការជួបជុំ ឬប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកឡើយ ដោយពួកគេនឹងត្រូវធ្វើដំណើរទៅប្រទេសបារ៉ែនតែម្ដង នៅថ្ងៃទី២៨ ខែឧសភាខាងមុខនេះ ដើម្បីធ្វើការហ្វឹកហាត់ និងត្រៀមការប្រកួតដែលនៅសេសសល់ ៣ប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022 នៅទីនោះ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា ការជួបជុំក្នុងស្រុករបស់ក្រុមជម្រើសជាតិកម្ពុជា ប្រហែលមិនមាននោះទេ ដោយផ្អែកលើកម្មវិធីប្រកួតលីគជាង ២សប្ដាហ៍ទៀត (នៅថ្ងៃទី១៥-១៦, ថ្ងៃទី២២-២៣ និងថ្ងៃទី២៦ ខែឧសភា) គឺដល់ថ្ងៃចេញទៅប្រទេសបារ៉ែនតែម្ដង។ ហេតុនេះកម្ពុជាមានពេលប្រហែល ១សប្ដាហ៍ប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់លើទឹកដីបារ៉ែន មុនការប្រកួតជាមួយក្រុមម្ចាស់ផ្ទះនាថ្ងៃទី០៣ ខែមិថុនាខាងមុខ។

លោកថា «ជម្រើសជាតិយើងត្រូវចេញទៅបារ៉ែន ថ្ងៃទី២៨-ឧសភា ហើយថ្ងៃទី០៣-មិថុនា យើងត្រូវប្រកួត អញ្ចឹងវាមានពេលប្រហែល ១សប្ដាហ៍ ដែលយើងអាចហាត់នៅទីនោះ ព្រោះយើងត្រូវចាប់ផ្ដើមលេងលីគ ម្លោះហើយប្រហែលនៅនេះ មិនទាន់មានព័ត៌មានច្បាស់ថា យើងអាចជួបជុំគ្នាហាត់យ៉ាងម៉េចទេ ដោយសារសល់ការលេងលីគជាង ២សប្ដាហ៍ អាចដល់ថ្ងៃទី២៦-ឧសភាអីហ្នឹង ជិតដល់ថ្ងៃចេញទៅល្មម។ អ៊ីចឹងឱកាសជួបជុំគ្នានៅនេះ សឹងតែថាគ្មាន ចឹងប្រហែលជាត្រូវទៅហាត់នៅបារ៉ែនតែម្ដង ពីព្រោះយើងអស់ពេលហើយ»

សូមបញ្ជាក់ថា បេក្ខភាពប្រកួតប្រជែងក្នុងពូល C គឺមានក្រុមគោព្រៃកម្ពុជា, អ៊ីរ៉ង់, អ៊ីរ៉ាក់, ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗ ភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ លើកលែងតែអ៊ីរ៉ង់ ដែលសល់ ៤ប្រកួតទៀត ។ ចំពោះលទ្ធផលបណ្ដោះអាសន្នបច្ចុប្បន្ន អ៊ីរ៉ាក់កំពុងឈរកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត និងរកបាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ខណៈ អ៊ីរ៉ង់ ឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ ។ ចំណែកកម្ពុជា កំពុងឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតស្មើ ១ និងចាញ់ ៤ មិនទាន់ស្គាល់ឈ្នះឡើយ។

សម្រាប់ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ត្រូវបានពន្យាពេលជាង ១ឆ្នាំមកហើយ ខណៈមុនកំណត់កាលបរិច្ឆេទថ្មីខាងលើ ការប្រកួតនេះ ក៏ធ្លាប់ឆ្លងកាត់ការពន្យាពេលជាច្រើនលើកផងដែរ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក មានការរីករាលដាលកាន់តែខ្លាំង រហូតដល់ចុងខែកុម្ភៈកន្លងទៅ ទើបសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) សម្រេចលើកការប្រកួតទៅប្រកួតនាខែមិថុនាវិញ ៕