(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT វ័យក្មេងកម្ពុជា ៤រូបដែលជាសិស្សគុននៃសាលា Authentic Advanced Academy(AAA) សមាជិករបស់ខេមរសហព័ន្ធតេក្វាន់ដូ បានដណ្ដើមមេដាយសរុបចំនួន ៧គ្រឿង ក្នុងការប្រកួតតេក្វាន់ដូអន្ដរជាតិ នៃកម្មវិធី “2021 North Carolina International Taekwondo Open” នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។

ការប្រកួតនេះ បានធ្វើឡើងតាមរយៈអនឡាយ ដោយមានបេក្ខភាពចូលរួមប្រកួតសរុប ៣០០នាក់ មកពី ៩ប្រទេសស្មើនឹង ៣៤សាលាគុន។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា បានឈរលំដាប់លេខ៤ ក្រោយដណ្ដើមបានមេដាយសរុប ៧គ្រឿង ខណៈម្ចាស់ផ្ទះអាមេរិក បានឈរលេខ១ ខណៈហ្វីលីពីន ឈរលេខ២ និងកូរ៉េខាងត្បូង ឈរលេខ៣។

ចំពោះជ័យលាភី ដែលកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាសម្រេចបាន រួមមានកុមារា សេង ប៊ុនវីនរៈ អាយុ ៩ឆ្នាំ ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១ ។ កុមារី សុខ ដាណែត អាយុ ១៤ឆ្នាំ ដណ្ដើមបានមេដាយមាស ១។ កុមារី ពៅ អនុស្សារ ដណ្ដើមបានមេដាយប្រាក់ ២ និងកុមារី សុខ អាលីសា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ ១។

តាមរយៈការប្រកួតនេះ គណៈកម្មការរៀបចំបានសម្ដែងការកោតសរសើរ ចំពោះឪពុកម្ដាយកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគាំទ្រ និងជំរុញកូនៗចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ ដើម្បីនាំមកនូវមោទនភាព និងការលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិផងដែរ៕