(ហ្សាគ្រីប)៖ ប្រទេសក្រូអាត នឹងចេញដីកាចាប់ខ្លួនអន្តរជាតិមួយ លើអតីតគ្រូបង្វឹកក្លិបបាល់ទាត់ Dinamo Zagreb លោក Zoran Mamic ដែលខកខានចូលរាយការណ៍នៅសប្តាហ៍នេះ ពីការជាប់ពន្ធនាគាររបស់លោក ពីបទឆបោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ និង៨ខែ របស់លោក Zoran Mamic ត្រូវបានបញ្ជាក់នៅខែមីនា។ គាត់ត្រូវចូលខ្លួន សម្រាប់ប្រកាសទោសនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោកត្រូវបានគេជឿជាក់ថា កំពុងលាក់ខ្លួននៅប្រទេសបូស្នៀ ដោយសារលោកក៏មានសញ្ជាតិបូស្នៀផងដែរ។

សារព័ត៌មានរដ្ឋក្រអាត Hina បានស្រង់សម្តីអ្នកនាំពាក្យតុលាការ លោក Kresimir Devcic ថា «អាជ្ញាធរបូស្នៀត្រូវតែចាត់វិធានការលើដីកាចាប់ខ្លួន និងសម្រេចថាតើមានលក្ខន្តិកៈស្របច្បាប់ ដែលត្រូវប្រគល់លោក Mamic ទៅក្រូអាតដែរឬទេ»

លោកបន្ថែមថា «ប្រសិនបើបូស្នៀ បដិសេធប្រគល់ខ្លួនគាត់ទេ។ គាត់នឹងនៅតែស្ថិតក្រោមការចាប់ខ្លួននៅបូស្នៀរហូតអាចចាប់ខ្លួនបាន ដោយវិធីណាមួយ»

លោក Mamic បានស្នើសុំជាប់ពន្ធនាគារក្នុងប្រទេសបូស្នៀ ប៉ុន្តែក្រូអាតបានបដិសេធលើសំណើនេះ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ជាមួយនឹងបងប្អូនប្រុសរបស់លោក Zdravko Mamic អតីតប្រធានប្រតិបត្តិក្លិប Dinamo។ ពួកគេទាំងពីរត្រូវបានចោទប្រកាន់រួមគ្នា ជាមួយនឹងអតីតមន្ត្រីរបស់ក្លិប Dinamo ១រូបទៀត និងមន្ត្រីជំនាញផ្នែកពន្ធម្នាក់ទៀត ពីបទគេចវេសការបង់ពន្ធចំនួន ១១,២លានគូណា (១,៩៧លានដុល្លារអាមេរិក) និងការកេងប្រវ័ញ្ចប្រាក់ ១១៦លានគូណាពីការផ្ទេរកីឡាករពីក្លិប Dinamo។

គួររំលឹកថា លោក Zoran Mamic បានលាលែងពីតំណែងជាគ្រូបង្វឹកក្លិប Dinamo Zagreb កាលពីខែមីនា ឆ្នាំ២០២១ មុនការប្រកួត Europa League ជើងទី២ ដែលនឹងត្រូវប៉ះក្រុមអង់គ្លេស Tottenham Hotspur នៅទីក្រុង Zagreb របស់ក្រូអាត៕