(ក្រុងឡុងដ៍)៖ ខ្សែបម្រើជម្រើសជាតិស្កុតឡេន កីឡាករ Kenny McLean នឹងអវត្តមានពីការចូលរួមប្រកួតពានជើងឯកអឹរ៉ុប European Championship ឆ្នាំ២០២០ (Euro 2020) ដោយសារតែការរងរបួសជង្គង់។ នេះបើតាមការបញ្ជាក់ពីក្លិប Norwich City របស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

កីឡាករ McLean ដែលបានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ៦គ្រាប់ឲ្យក្លិប Norwich City លេងនៅលីគទី២ របស់អង់គ្លេស ក្នុងរដូវកាលនេះ នឹងខកខានការចូលរួមប្រកួតរយៈពេលជិត ៣ខែមកខាងមុខ បន្ទាប់ពីរងរបួសនៅក្នុងការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ជាមួយនឹងក្លិប Barnsley កាលពីសប្តាហ៍មុននៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។

ក្លិប Norwich បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Kenny McLean នឹងត្រូវខកខានការប្រកួតរយៈពេល ១២សប្តាហ៍ បន្ទាប់ពីមានការបញ្ជាក់ថា បានរងរបួសសរសៃជង្គង់ខាងស្តាំធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ស្កុតឡេនដែលស្ថិតក្នុងពូល D នោះ នឹងចាប់ផ្តើមយុទ្ធនាការនៅ Euro របស់ពួកគេតទល់ជាមួយនឹងសាធារណៈរដ្ឋឆែក នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ នាពហុកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow របស់ស្កុតឡេនតែម្តង៕