(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក និង អេក្លាស អូតូ ឯ.ក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការរួមគ្នាដាក់ដំណើរការ នូវប័ណ្ណឥណទានវីសាថ្មី ដែលនឹងត្រូវផ្តល់ជូនដល់សមាជិក VIP របស់អេក្លាស។

ជាមួយប័ណ្ណឥណទាននេះ សមាជិកVIPរបស់អេក្លាស នឹងទទួលបាននូវប័ណ្ណឥណទានវីសា ប្រភេទ Classic របស់ធនាគារ ព្រីនស៍ ដែលមានទំហំឥណទាន កំណត់ចំនួន៥០០ដុល្លារក្នុងមួយខែដោយស្វ័យប្រវត្តិ នៅពេលស្នើប័ណ្ណ ព្រមទាំងទទួលបានប្រូម៉ូសិន និងការផ្តល់ជូនផ្សេងៗពីធនាគារ ព្រីនស៍ ស្របពេលដែលទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីសមាជិកភាព និងដៃគូសហការរបស់អេក្លាស។

លើសពីនេះទៀត ប័ណ្ណឥណទានវីសា ដែលផ្តល់ជូនដោយធនាគារ ព្រីនស៍ និងអេក្លាស អូតូ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលអាចប្រើប្រាស់ បាននៅតាមបណ្តាហាងលក់ទំនិញនានា នៅទូទាំងពិភពលោក។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក បានថ្លែងថា «ធនាគារ ព្រីនស៍ តែងតែស្វែងរកយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីពង្រីកមូលដ្ឋានអតិថិជន និងផលិតផល ព្រមទាំងសេវាកម្មឈានមុខគេ ដូចជា PRINCE Mobile ដែលទទួលបាននូវពានរង្វាន់ជាច្រើន ហើយនេះក៏បញ្ជាក់ឲ្យឃើញថា យើងមានគោលជំហរយ៉ាងច្បាស់ ក្នុងការផ្តល់នូវបទពិសោធន៍ធនាគារកាន់តែសម្បូរបែបជូនដល់អតិថិជន»

លោកបានបន្ថែមទៀតថា យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៃភាពជាដៃគូ គឺជាគន្លឹះក្នុងការបង្កើនអាជីវកម្មរបស់ខ្លួន និងបម្រើអតិថិជនឲ្យបានកាន់តែច្រើន។

លោក លី វៃ ខេន នាយកប្រតិបត្តិនៃអេក្លាស អូតូ ឯ.ក ក៏បានលើកឡើងផងដែរថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា មិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពនៃយានយន្ត និងមនុស្សជាទីស្រលាញ់របស់ខ្លួន ក្នុងកម្រិតមួយដែលអាចបង្កើតជាហានិភ័យ ដោយការជ្រើសរើសសេវាថែទាំ និងជួសជុលរថយន្ត ជាមួយយានដ្ឋានដែលខ្វះភាពស្មោះត្រង់ និងខ្វះជំនាញ»

កម្មវិធីសមាជិកភាព VIP នៃសេវាកម្មថែទាំ និងជួសជុលរថយន្តនេះ គឺជាជំហានមួយឆ្ពោះទៅរកការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាថែទាំរថយន្ត ដែលមានគុណភាព ធានានូវសុវត្ថិភាព និងមានតម្លៃសមរម្យ។ យើងត្រូវតែកសាងទំនុកចិត្ត ជូនដល់អតិថិជនសារជាថ្មី នៅក្នុងឧស្សាហកម្មមួយនេះ ហើយយើងពិតជាមានភាពរីករាយណាស់ ដែលមានធនាគារ ព្រីនស៍ រួមដំណើរជាមួយយើងក្នុងបេសកកម្មនេះ។

ប័ណ្ណឥណទាននេះ នឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សូមរង់ចាំទទួលនូវប័ណ្ណឥណទាន ដ៏ពិសេសនេះទាំងអស់គ្នា។

ធនាគារ ព្រីនស៍ ម.ក ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាធនាគារមួយក្នុងចំណោមធនាគារដែលមានភាពរីកចម្រើនលឿនបំផុត ហើយមានបំណងក្លាយជាធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុមានភាពខុសប្លែក តាមរយៈបណ្តាញចម្រុះ រួមទាំងវេទិកាឌីជីថលច្នៃប្រឌិតថ្មីផងដែរ។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ យកចិត្តទុកដាក់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម បុគ្គលិកជំនាញ និងកំពុងពង្រីកសេវាកម្មធនាគារអាទិភាព ដើម្បីទាក់ទាញទីផ្សារដែលកំពុងរីកចម្រើន និងសម្បូរបែប។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានសាខាសរុប ៣១ ទីតាំងស្ថិតនៅតាម២២ ខេត្ត-ក្រុង និងមានម៉ាស៊ីនATM/CDM ចំនួន ៦៥ ទីតាំងនៅទូទាំងប្រទេស។ ដើម្បីស្វែងយល់បន្ថែមអំពីធនាគារ ព្រីនស៍ សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់គេហទំព័រ http://www.princebank.com.kh ឬហ្វេសប៊ុកផេក https://www.facebook.com/princebank.com.kh/

អេក្លាស អូតូ ឯ.ក ជាយានដ្ឋានបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងដោយ ក្រុមអតីតយុទ្ធជនឧស្សាហកម្មក្នុងស្រុក ពោរពេញដោយបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មរថយន្ត។ អេក្លាស គឺជាយានដ្ឋានឯកជនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រISO ចំនួន០២។ បច្ចុប្បន្ននេះ អេក្លាស មានសាខាចំនួន០២ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេសនាពេលឆាប់ៗនេះ។ ក្រុមមេកានិកជំនាញអន្តរជាតិរបស់អេក្លាស ត្រូវបានបណ្តុះបណ្តាល និងមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ការជួសជុល និងថែទាំនូវរថយន្តទំនើបៗធុនមធ្យម លុចស៊េរី និងរថយន្តស្ព័រម៉ាកល្បីៗផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពីអេក្លាស និងរបៀបស្នើប័ណ្ណVIP សូមចុចលើតំណភ្ជាប់នេះ www.facebook.com/Aklasseauto/ ឬចូលទៅកាន់គេហទំព័រ www.aklasseauto.com/membership​ ៕