(ភ្នំពេញ)៖ ផ្លូវថ្មីមួយខែ្សដែលតភ្ជាប់ពីស្តូបឈ្នះឈ្នះ នៅខេត្តកោះកុង នឹងត្រូវស្ថាបនាឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូរវាងលោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូប អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រយៈពេលវែងជាមួយនឹងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពិសេសក្រសួងការពារជាតិ ទទួលបន្ទុកលើការងារសាងសង់ស្តូបឈ្នះឈ្នះ ជាមួយនឹងក្រុមហ៊ុនមិត្តហ្វូន ដែលជាបណ្តាញទូរគមនាគមន៍ ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។

លោក ប៊ុន លើត បានស្វាគមន៍ចំពោះភាពជាដៃគូនេះ និងលើកឡើងថា «យើងពិតជារីករាយ និងកោតសរសើរ ចំពោះក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែងរួមដំណើរជាមួយរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នផ្សេងៗទៀតជាច្រើននាពេលកន្លងមក។ ការចូលរួមបរិច្ចាគរបស់មិត្តហ្វូន សម្រាប់ផ្លូវថ្មីមួយខ្សែនេះ បានកត់ជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលជាពិសេស ក្រសួងការពារជាតិ ដើម្បីជាចលករក្នុងការសាងសង់ប្រព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង»

ផ្លូវថ្មីមួយខ្សែដែលតភ្ជាប់ពីស្តូបអនុស្សាវរីយ៍នយោបាយឈ្នឈ្នះ ឡើងទៅកំពូលភ្នំនៃតំបន់ទេសចរណ៍ វប្បធម៌ និងសាសនា ប្រវែង១,៥០០ម៉ែត្រ នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ ក្នុងអំឡុងពេលមានភាពធូរសា្រលពីជំងឺកូវីដ-១៩ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនមិត្តហ្វូន។ បន្ទាប់ពីសាងសង់រួចផ្លូវថ្មីមួយខ្សែនេះនឹងត្រូវបានដាក់ឈ្មោះថា «វិថីមិត្តហ្វូន» ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។

នៅក្នុងពិធីចុះហត្ថលេខានេះលោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានថ្លែងឲ្យដឹងថា «ជាមួយទស្សនវិស័យរបស់យើងជាប្រតិបត្តិករ អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ ក្រៅពីអាជីវកម្មយើងបានចូលរួមកិច្ចការទំនួលខុសត្រូវសង្គមជាច្រើន នាពេលកន្លងមក និងទៅអនាគត ដើម្បីរួមចំណែកគាំទ្រស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ ក្នុងន័យធានាការគាំទ្ររបស់អតិថិជនទាំងអស់ចំពោះមិត្តហ្វូន ប្រៀបបានដូចជាចូលរួមជាមួយគ្នាក្នុងការជួយសង្គមផងដែរ»។

លោកបន្តថា តាមរយៈផ្លូវបេតុងថ្មីមួយខ្សែនេះ ក្រុមហ៊ុនមិត្តហ្វូនមានមោទនភាពក្នុងការបរិច្ចាគជួយគាំទ្រប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅទស្សនាស្តូបឈ្នះឈ្នះ ក៏ដូចជាតំបន់ទេសចរណ៍ វប្បធម៌ និងសាសនាផងដែរ។

បន្ថែមពីលើនេះ លោក ហ្វុង វ៉ាន់ គឿង មានជំនឿជឿជាក់ថា ផ្លូវមួយខ្សែនេះនឹងចេញជារូបរាងឆាប់ៗនាពេលខាងមុខ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ក៏ដូចជានៅខេត្តផ្សេងៗទៀតបានធ្វើដំណើរទៅទស្សនាទេសចរណ៍កំសាន្ត ប្រកបដោយភាពងាយស្រួលផងដែរ៕