(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យការសិក្សាពីចម្ងាយមានភាពងាយស្រួលសម្រាប់សិស្សកំពុងសិក្សា និងគ្រូបង្រៀនទាំងអស់ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីអប់រំ។

កម្មវិធី MoEYS E-Learning App ប្រកបដោយនវានុវត្តន៍នេះ ត្រូវបានគេរំពឹងទុកថានឹងក្លាយជាធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការសិក្សាតាមអនឡាញ ស្របពេលដែលសាលានៅទូទាំងប្រទេសត្រូវបានបិទផ្អាក ដែលជាផ្នែកមួយនៃវិធានការដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជកូវីដ១៩។

កម្មវិធីសិក្សាពីចម្ងាយតាមបែបឌីជីថលនេះ ត្រូវបានបង្កើតឡើងសម្រាប់គ្រូបង្រៀន និងសិស្សកំពុងសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ កម្មវិធីទូរស័ព្ទនេះ មានផ្តល់ជូននូវធនធាន និងកម្មវិធីអប់រំដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា សៀវភៅអេឡិចត្រូនិចផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា មេរៀនតាមអនឡាញ ការវាយតម្លៃការសិក្សាដោយខ្លួនឯង និងការត្រៀមខ្លួនសម្រាប់វគ្គប្រឡងជាដើម។

ក្រោមកិច្ចព្រមព្រៀងរួមគ្នារវាងក្រុមហ៊ុនសែលកាត, ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សែលកាត នឹងផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធី ដើម្បីជួយរក្សាស្តង់ដារនៃការអប់រំ ស្របពេលដែលសាលារៀននៅតែបន្តបិទផ្អាកនៅឡើយ។ ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវការផ្ទៀងផ្ទាត់តាមរយៈសារដោយឥតគិតថ្លៃ នៅពេលដែលអ្នកប្រើប្រាស់ចុះឈ្មោះដើម្បីប្រើប្រាស់កម្មវិធីផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០ភាគរយតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាត ពិតជាមានក្តីសោមនស្សបំផុតជាមួយនឹងការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យអប់រំ ក៏ដូចជាការជួយគាំទ្រដល់សិស្សកំពុងសិក្សា និងគ្រូបង្រៀនកម្ពុជា នៅក្នុងគ្រាដ៏លំបាកនេះ។

«សែលកាតមានក្តីរំភើបរីករាយជាពន់ពេក ដែលបានដើរតួនាទីជួយដល់សិស្សកំពុងសិក្សាឱ្យអាចបន្តការសិក្សាទៅមុខទៀតបាន ខណៈដែលសាលារៀននៅតែបន្តបិទទ្វារនៅឡើយ។ ការផ្តល់ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយក្នុងនាមជាក្រុមហ៊ុនជាមោទនភាពរបស់ខ្មែរ យើងចង់ឱ្យសិស្សានុសិស្សទាំងអស់បានជ្រាបថា ពួកយើងនឹងនៅជួយគាំទ្រដល់ការសិក្សារបស់ពួកគេជានិច្ច»

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នេះគឺជាឧទាហរណ៍ដ៏ប្រពៃបំផុតមួយនៃការសហការគ្នារវាងវិស័យឯកជន និងសាធារណៈ ហើយលោកក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានប្តេជ្ញាចិត្តក្នុងការបន្តជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

«ឥឡូវនេះគឺជាពេលវេលាដែលពួកយើងត្រូវរួបរួមគ្នា ក៏ដូចជាជួយគាំទ្រដល់សង្គមជាតិរបស់យើង តាមដែលអាចធ្វើទៅបាន។ យើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់ការគាំទ្រឥតឈប់ឈរដើម្បីជួយឱ្យសិស្សានុសិស្សអាចបន្តការសិក្សារបស់ពួកគេ ដោយឥតមានការរំខាន នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ»

សូមជម្រាបថា កម្មវិធី MoEYS E-Learning App មានដាក់ជូនសម្រាប់ទាញយកប្រើប្រាស់ នៅក្នុងហាង Apple Store និង Google Play Store ៕