(ភ្នំពេញ)៖ អ្នកចាំទីដៃទី១ ក្លិបបឹងកេត ហ៊ុល គឹមហ៊ុយ បានបង្ហាញសុទិដ្ឋិនិយម ថានឹងអាចជួយក្រុមខ្លួនស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះបានរងបរាជ័យ ២ប្រកួតផ្ទួនៗលើទឹកដីរបស់ខ្លួនកាលពីដើមរដូវកាល ពោលគឺចាញ់ក្រុមណាហ្គាវើលដ៏ ១-០ និងចាញ់ក្រុមសិង្ហក្រហមភ្នំពេញក្រោន ២-១។

ការលើកឡើងនេះស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ខណៈរបួសនៃការប៉ះទង្គិចអំឡុងការប្រកួតជាមួយភ្នំពេញក្រោនរបស់អ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះ ក៏បានជាសះស្បើយ ១០០% ផងដែរ។

អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ហ៊ុល គឹមហ៊ុយ បានបញ្ជាក់ថា ខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ទោះបីអំឡុងពេលបិទខ្ទប់ក្ដី ដើម្បីត្រៀមជួយក្រុមស្វែងរកលទ្ធផលល្អពេលលីគត្រឡប់មកវិញ តែបើបណ្ដោយទៀត ក្រុមនាគខៀវបឹងកេត អាចនឹងជួបលទ្ធផលមិនល្អក្នុងលីគរដូវកាលនេះ។

ម្ចាស់ស្រោមដៃមាសលីគ ឆ្នាំ២០២០ ខាងលើនិយាយថា «សម្រាប់ខ្ញុំ ខ្ញុំត្រៀមខ្លាំងមែនទែន ដោយសារពេលជាប់បិទខ្ទប់នៅភ្នំពេញ ខ្ញុំនៅផ្ទះ។ ចឹងខ្ញុំហ្វឹកហាត់រាល់ថ្ងៃ ហាត់ខ្លាំងជាងមុន ដើម្បីធ្វើម៉េចសង្ឃឹមថា ពេលចូលមកវិញហ្នឹង យើងធ្វើឲ្យបានល្អជាងមុន ដោយសារ ២ប្រកួត យើងធ្វើអត់បានល្អ ចឹងបើសិនយើងបណ្ដោយឲ្យទៅទៀត វាកាន់តែទៅទៀត ខ្លាចវាដល់ចប់លីគលទ្ធផលអត់ល្អ។ អ៊ីចឹងខ្ញុំសង្ឃឹមថា យើងនឹងស្ដារមុខមាត់ត្រឡប់មកវិញ»

សូមបញ្ជាក់ថា ការត្រឡប់មកវិញនៃលីគកំពូលកម្ពុជានាចុងសប្ដាហ៍នេះ ក្រុមជើងឯក ៤សម័យបឹងកេត នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបមុនគេ នាថ្ងៃទី១៦ ខែឧសភា ដែលជាជំនួបបង្គ្រប់សប្ដាហ៍ទី២ ដ្បិតការប្រកួតនេះត្រូវបានលើកពេលតាំងពីពាក់កណ្ដាលខែមីនាមកម្ល៉េះ។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្ដងមកហើយក្នុងពានរង្វាន់ Cambodia Airways Cup កាលពីដើមខែកុម្ភៈ ដោយអាស៊ីអឺរ៉ុប បានយកឈ្នះបឹងកេត ៣-២៕