(ភ្នំពេញ)៖ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការលំបាកក្នុងការជ្រើសរើសកីឡាករ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីត្រៀមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយនៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែននាដើមខែមិថុនាខាងមុខ។

គ្រូបង្វឹកសញ្ជាតិជប៉ុនវ័យ ៦៥ឆ្នាំខាងលើបានបញ្ជាក់ថា «វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្លាស់ប្ដូរដែលធ្វើឲ្យមានការលំបាកក្នុងការសម្រេចចិត្ដជ្រើសរើសកីឡាករ»

លោកបន្ដថា «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមកហើយ យើងបានកក់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករ នៅមិនទាន់ល្អនៅឡើយទេ ប៉ុន្ដែយើងសម្រេចចិត្តជ្រើសរើសកីឡាករ ផ្អែកទៅលើសមិទ្ធផលដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»

អតីតគ្រូយុវជនក្លិបយក្សចិន Guangzhou បានសង្កត់ធ្ងន់ថា «ខ្ញុំចង់ឲ្យកីឡាករយើងខិតខំប្រឹងប្រែង និងប្រកួតប្រជែងឲ្យខ្លាំងទៅតាមលទ្ធភាពដែលពួកគេអាចធ្វើបាន និងជាពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថា នឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»

គួរដឹងថា លោក Ryu Hirose បានមកដឹកនាំក្រុមគោព្រៃកម្ពុជា ជំនួសតំណែងលោក Felix G.Dalmas កាលពេលថ្មីៗ ហើយបេសកកម្មចំពោះមុខ គឺលោកត្រៀមដឹកនាំក្រុមចេញទៅហាត់នៅបារ៉ែននាថ្ងៃទី២៨ ខែឧសភាខាងមុខ ដើម្បីត្រៀមការប្រកួត ៣ប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកខាងលើ គឺត្រូវជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី០៣-មិថុនា មុនជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧-មិថុនា និងចុងក្រោយជួបក្រុមជម្រើសជាតិអ៊ីរ៉ង់នាថ្ងៃទី១១-មិថុនា នៅប្រទេសបារ៉ែនតែមួយគត់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចផ្ដល់សិទ្ធិឲ្យបារ៉ែន ធ្វើម្ចាស់ផ្ទះការប្រកួតសេសសល់ក្នុងពូល C។

ចំពោះបេក្ខភាពប្រកួតប្រជែងក្នុងពូល C រួមមានក្រុមគោព្រៃកម្ពុជា, អ៊ីរ៉ង់, អ៊ីរ៉ាក់, ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ លើកលែងតែអ៊ីរ៉ង់ ដែលសល់ ៤ប្រកួតទៀត។ ចំពោះលទ្ធផលបណ្ដោះអាសន្នបច្ចុប្បន្ន អ៊ីរ៉ាក់កំពុងឈរកំពូលតារាង និងមាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ខណៈអ៊ីរ៉ង់ ឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ។ ចំណែកកម្ពុជា កំពុងឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤៕