(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Atletico Madrid នឹងអាចលើកពានលីគអេស្ប៉ាញ La Liga 2020-2021 ជាផ្លូវការ បើសិនជាអាចរកបានជ័យជម្នះនៅ ២ប្រកួតចុងក្រោយខាងមុខនេះ បន្ទាប់ពីបានយកឈ្នះក្រុម Real Sociedad ២-១ នៃសប្តាហ៍ទី៣៦ រកបាន ៨០ពិន្ទុពីលើគូប្រជែង FC Barcelona កំពុងមានតែ ៧៦ពិន្ទុបណ្តោះអាសន្នដែលនៅសល់ ២ប្រកួតដូចគ្នា។

ប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី១៣ ខែឧសភានេះបានឲ្យដឹងថា Atletico បានយកឈ្នះគូប្រជែង Real Sociedad ២-១ ក្នុងជើងទី២ ដែលធ្វើបានដោយកីឡាករ Carrasco និងខ្សែប្រយុទ្ធ Correa ត្រឹមការប្រកួតវគ្គទី១ ខណៈក្រុមភ្ញៀវធ្វើបានតែ ១គ្រាប់នៅនាទី៨៣ ដោយកីឡាករ Zubeldia។

ស្ថិតក្នុងការដឹកនាំដោយលោក Diego Simeone ក្រុម At Madrid នឹងឈ្នះពានលីគកំពូលអេស្ប៉ាញ ជាលើកទី១១ ក្នុងប្រវិត្តិសាស្រ្តក្លិប ដែលលើកបានចុងក្រោយកាលពីរដូវកាល ២០១៣-២០១៤ ដោយបច្ចុប្បន្នបើសិនណាជាអាចរកបានជ័យជម្នះសម្រាប់ ២ប្រកួតដែលនៅសល់ ដោយត្រូវជួបក្រុម Osasuna នៅថ្ងៃទី១៦ និងបន្តទៅប៉ះក្រុម Real Valladolid នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបញ្ចប់រដូវកាលនេះ៕