(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោន បានសម្ដែងការខកចិត្តចំពោះកម្មវិធីប្រកួតថ្មីនៃលីគកំពូលកម្ពុជា ដែលនឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ដ្បិតរយៈពេល ២ខែក្នុងខែឧសភា និងខែមិថុនា ក្រុមខ្លួនត្រូវលេងតែ ១ប្រកួតប៉ុណ្ណោះ។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះបានបញ្ជាក់លើបណ្ដាញសង្គមរបស់ក្រុមសិង្ហក្រហមខាងលើថា «យើងទាំងអស់គ្នា នៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត។ យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆិកា ប៉ុន្តែមកដល់ពេលនេះ យើងលេងការប្រកួតផ្លូវការត្រឹមតែ ៣ដងប៉ុណ្ណោះ។ ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន ៥ទៀតលេងបានត្រឹមតែ ១ប្រកួត»

លោក Oleg បានបន្ដថា «តាមគំនិតរបស់ខ្ញុំ កាលវិភាគការប្រកួតលីគគួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅខែមិថុនា។ ការប្រកួតនៅ MCL គឺមានការប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន ប៉ុន្តែចំនួនការប្រកួតគឺមិនគ្រប់គ្រាន់ទេ»

គួរដឹងថា មុនការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ ដោយសារការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC និងតំណាងក្លិបសមាជិកទាំង១៣ បានប្រជុំពិភាក្សាគ្នា ស្ដីពីការចាប់ផ្ដើមការប្រកួតឡើងវិញ និងកាលវិភាគថ្មីនៃការប្រកួតជាដើម។

ចំពោះកម្មវិធីប្រកួតថ្មីក្នុងខែឧសភានេះ សុទ្ធតែជាការប្រកួតបង្គ្រប់សប្ដាហ៍ ក្នុងនោះភ្នំពេញក្រោន គឺមាន ១ប្រកួតប៉ុណ្ណោះ ដោយត្រូវបើកទ្វារផ្ទះទទួលខេត្តព្រៃវែងនាថ្ងៃទី២២ ខែឧសភា ខណៈខែមិថុនា មិនមានការប្រកួតនោះទេ ព្រោះក្រុមជម្រើសជាតិកម្ពុជា ត្រូវចេញទៅហាត់ និងប្រកួតជម្រុះពានរង្វាន់ FIFA World Cup 202 នៅបារ៉ែនចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា មុនក្រុមវិសាខា និងបឹងកេត ចូលរួមប្រកួតពានរង្វាន់ AFC Cup 2021។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្នមុនលីគត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ក្រុមភ្នំពេញក្រោន គឺបានឆ្លងកាត់ ៣ប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ដោយរកបាន ៩ពិន្ទុស្មើគ្នា បន្ទាប់ពីឈ្នះ ៣ប្រកួតផ្ទួនៗ តាមពីក្រោយក្រុមអង្គរថាយហ្គឺរ ដែលឈរកំពូលតារាង និងមាន ១០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងស្មើ១៕