(អ៊ីតាលី)៖ ប៉ូលិស បានទៅបំបែកពិធីជប់លៀងខួបកំណើត របស់កីឡាករខ្សែប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Romelu Lukaku លេងនៅក្លិប Inter Milan នៅឯសណ្ឋាគារមួយ នៅកណ្តាលទីក្រុង Milan របស់អ៊ីតាលី នៅពាក់កណ្តាលរាត្រី បន្ទាប់ពីពិធីជប់លៀងនេះ បានបំពាននឹងបទប្បញ្ញត្តិការពារការឆ្លងជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន ANSA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

ប៉ូលិសក្រុង Milan បានចូលទៅកាន់សណ្ឋាគារ នៅវេលារលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ និងបានរកឃើញមនុស្សជាង២០នាក់ នៅក្នុងភោជនីយដ្ឋានមួយ ខណៈកីឡាករ Lukaku បានរៀបចំពិធីខួបកំណើត គម្រប់អាយុ២៨ឆ្នាំរបស់លោក។

បទប្បញ្ញត្តិនៅក្នុងទីក្រុង Milan, ដែលស្ថិតនៅក្នុងតំបន់មួយ នៃតំបន់ពណ៌លឿងរបស់ប្រទេសអ៊ីតាលី, រួមបញ្ចូលទាំងការដាក់បម្រាមគោចរ ចន្លោះពី២២យប់ និង៥ព្រឹកផងនោះ ជាលទ្ធផលពិធីជប់លៀងនេះ បានបំពានបទប្បញ្ញត្តិ ដែលត្រូវទទួលការពិន័យ។

Lukaku រកបានគ្រាប់បាល់ នៅនាទីចុងក្រោយ ធ្វើឲ្យ Inter Milan ជាក្រុមម្ចាស់ផ្ទះ ឈ្នះក្នុងលទ្ធផល៣-១ លើក្រុម AS Roma ប៉ុន្មានម៉ោង មុនពេលពិធីជប់លៀង។

គួរបញ្ជាក់ថា អ៊ីតាលី បានរាយការណ៍ថា សរុបមានមនុស្ស១២៣.២៨២នាក់ហើយ ដែលបានស្លាប់ ដោយសារជំងឺ COVID-19 ចាប់តាំងពីវាបានផ្ទុះឡើង កាលពីឆ្នាំមុន, ដែលចំនួននេះ ជាចំនួនច្រើនជាងគេបំផុត លំដាប់ទី២ នៅអឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស និងជាប់លំដាប់ថ្នាក់ខ្ពស់បំផុតលេខ៧ នៅលើពិភពលោក។ គិតមកទល់ពេលនេះ អ៊ីតាលី មានអ្នកឆ្លងប្រមាណ៤,១លាននាក់៕