(អាមេរិក)៖ បន្ទាប់ពីចូលរួមសកម្មភាពជាមួយបេក្ខនារីមកពីបណ្តាប្រទេសនានា ក្នុងបេសកកម្មតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» នៅសហរដ្ឋអាមេរិកនោះ នៅពេលនេះ បវរកញ្ញាកម្ពុជា រ៉េត សារីតា បានបង្ហាញឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» នៅលើឆាកអន្តរជាតិមួយនេះហើយ។ អ្វីដែលពិសេស បវរកញ្ញាកម្ពុជា បានបង្ហាញប្រកបដោយភាពស្វាហាប់ និងជឿជាក់ ខណៈមហាជនខ្មែរកំពុងតែគាំទ្រពីចំងាយ។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ (ពេលវេលានៅកម្ពុជា) បវរកញ្ញាកម្ពុជា រ៉េត សារីតា បានគ្រងឈុតតំណាងជាតិ មានឈ្មោះថា «ទេពរួបរួម» នៅលើឆាក «Miss Universe» ប្រកបដោយភាពជឿជាក់។ តើឈុតនេះ មានអត្ថន័យយ៉ាងដូចម្តេច?

បើតាមលោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រងកម្មវិធីប្រកួតនៅកម្ពុជា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ឈុត «ទេពរួបរួម» ដោយក្រុមការងាររបស់លោកបានរៀបចំ យ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់។

លោកបន្តថា ឈុត «ទេពរួបរួម» មានអត្ថន័យបង្ហាញពីជំនឿ សាសនាពីឥណ្ឌាចូលមកប្រទេសខ្មែរ ប្រជាជនខ្មែរមានជំនឿ និងការគោរព លើដួងព្រលឹង បុព្វបុរស អារ័ក្សអ្នកតា និងធម្មជាតិជាដើម។ ប៉ុន្ដែក្រោយមកព្រហ្មញ្ញសាសនា ក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរយ៉ាងខ្លាំង និងមានការគោរពប្រតិបត្តិយ៉ាងច្រើន ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម ហើយមួយផ្នែកទៀត មានជំនឿលើព្រះសិវៈនិយម។

លោកបន្តថា ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនា ដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិ តំណាងវិស្ណុ ហរៈ តំណាងសិវៈ)។ ហេតុនេះហើយទើបគណៈគ្រប់គ្រងកម្មវិធី បានពិភាក្សាគ្នាដើម្បីពាំនាំឈុតមួយនេះ ទៅកាន់ឆាកអន្តរជាតិ ក្នុងអត្ថន័យឲ្យស្វែងយល់ពីអរីយធម៌ខ្មែរ ដ៏យូរលង់ណាស់មកហើយ។

លោកបានបន្ថែមថា ទោះបីជាស្ថិតក្នុងសម័យកាលកូវីដ-១៩ កំពុងវាយលុកក្តី តែកម្ពុជានៅតែបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងតាមការកំណត់ដដែល។

សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូប ដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញ គឺនាងមានការចេះដឹងច្រើន ព្រោះក្រៅពីអាចនិយាយភាសាខ្មែរបានល្អហើយនោះ នាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការងារសិល្បៈដោយមិនរុញរា រហូតបានក្លាយជាតារាសម្តែង និងជាពិធីការិនីមានទេពកោសល្យ ប្រកបដោយភាពបត់បែនខ្ពស់៕