(ភ្នំពេញ)៖ លោក គីម ភក្ដី គ្រូបង្វឹកក្រុមការពារតំណែងជើងឯកបឹងកេត បានទទួលស្គាល់ថា ឆ្នាំនេះក្រុមខ្លួនបានប្រើប្រាស់កីឡាករដដែលច្រើន តែមិនមានសញ្ញាណាមួយបញ្ជាក់ថា ក្រុមខ្លួនបរាជ័យ ឬធ្លាក់ចុះគុណភាពនោះទេ។

ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងមតិអ្នកគាំទ្រមួយចំនួនដែលយល់ថា ការមិនមានការផ្លាស់ប្ដូរកីឡាករ ពោលគឺរក្សានៅដដែល គួបផ្សំជាមួយក្រុមបឹងកេតបានបរាជ័យផ្ទួនៗនៃការប្រកួតក្នុងដីកាលពីដើមរដូវកាល គឺជាកត្ដានាំឲ្យប្រព័ន្ធលេងរបស់ក្រុមនាគខៀវមិនមានការប្រែប្រួល និងត្រូវប្រកួតងាយចាប់បាន។

លោកបន្ដថា «ខ្ញុំគិតថា មតិរបស់ពួកគាត់ គឺជាការយល់ឃើញរបស់ពួកគាត់បានគិត តែសម្រាប់ពួកយើងជាអ្នកបច្ចេកទេស គឺយើងដឹងច្បាស់។ នៅលើពិភពលោក ក្រុមបាល់ទាត់មួយ គឺមិនអាចផ្លាស់ប្តូរកីឡាករជាច្រើនទេ ហើយយើងក៏បាននិយាយពីដំបូងដែរថា ស្ថានភាព COVID នៅក្នុងប្រទេសយើង គឺនាំឲ្យយើងពិបាកក្នុងការរកកីឡាករ ជាពិសេសកីឡាករបរទេសថ្មីៗ ដើម្បីមកជួយក្រុម»

ប៉ុន្ដែលោកសង្កត់ធ្ងន់ថា «តែបើយើងក្រឡែកទៅមើលកីឡាករក្នុងក្រុមរបស់យើង គឺមិនទាន់មានសញ្ញាណាមួយដែលថាយើងបរាជ័យ ឬក៏ធ្លាក់ចុះនូវគុណភាពនោះទេ តែអ្វីដែលយើងធ្វើមិនបានល្អគឺ ការរៀបចំក្រុម និងរយៈពេលលេងរបស់យើងគឺឆ្ងាយពីគ្នាពេក។ ដូច្នេះការប្រមូលកីឡាករឲ្យត្រឡប់មកការប្រកួតប្រជែងលើទីលាន គឺខ្វះចន្លោះ ប៉ុន្តែមិនមានន័យថាយើងមិនមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងលីគនៅឆ្នាំនេះទេ។ តែទោះបីយ៉ាងណាក៏ខ្ញុំទទួលស្គាល់ ថាយើងមានកីឡាករដដែល តែយើងនឹងកែប្រែស្ថានភាពនេះឲ្យកាន់តែល្អប្រសើរឡើងវិញ នេះជាអ្វីដែលយើងត្រូវធ្វើបន្តទៀត»

សូមរំឮកថា បឹងកេត បានបរាជ័យក្នុងដី ២ប្រកួតជាប់គ្នាកាលពីដើមរដូវកាល ដោយចាញ់ក្រុមណាហ្គាវើលដ៏ ១-០ និងចាញ់ក្រុមភ្នំពេញក្រោន ២-១។ ប៉ុន្ដែការប្រកួតសេសសល់ ពិសេស ៣ប្រកួតរបស់ក្លិបក្នុងខែឧសភានេះ បឹងកេតទាមទារឈ្នះដាច់ខាត ពិសេសជំនួបជាមួយក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប នារសៀលថ្ងៃទី១៦ ខែឧសភាចុងសប្ដាហ៍នេះ លោក គីម ភក្ដី បានប្ដេជ្ញាយកឈ្នះឲ្យខានតែបាន ទោះបីស្ថិតក្នុងស្ថានភាពពិបាក ឬស្រួលបែបណាក៏ដោយ ដើម្បីធានាថា ក្រុមខ្លួននៅតែជាក្រុមការពារពានជើងឯកលីគកំពូលកម្ពុជាឆ្នាំនេះ៕