(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានធ្វើការព្រមានពិន័យប្រាក់ពី ៥លានរៀលទៅ ១០លានរៀល ចំពោះបុគ្គល និងក្លិបបាល់ទាត់ណាដែលធ្វេសប្រហែលបង្កឲ្យផ្ទុះឡើងនូវជំងឺកូវីដ-១៩។ ការបញ្ជាក់បែបនេះ ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នឹងត្រូវចាប់ផ្ដើមការប្រកួតឡើងវិញនៅថ្ងៃទី១៥-១៦ ខែឧសភានេះ បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ ដោយសារការរីករាលដាលខ្លាំង នៃជំងឺរាតត្បាតខាងលើ។

CNCC បានធ្វើការក្រើនរំលឹកជាថ្មីចំពោះប្រធានមន្ទីរ ក្លិប ស្នងការប្រកួត អាជ្ញាកណ្ដាល និងក្រុមការងារទាំងអស់ត្រូវពង្រឹងការអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ហើយត្រូវគ្រប់គ្រងចំពោះខ្លួនផ្ទាល់ និងមន្រ្តីក្រុម កីឡាករគ្រប់រូបឲ្យបានម៉ឺងម៉ាត់ មិនត្រូវធ្វើដំណើរដែលមិនចាំបាច់ទៅកន្លែងមនុស្សច្រើនកុះករ ប៉ះពាល់គ្នាដាច់ខាតឡើយ និងត្រូវរាយការណ៍មកកាន់ CNCC ជាកំហិត។ ក្នុងករណីមានការសង្ស័យនូវជំងឺកូវីដ-១៩ ដាច់ខាតត្រូវអនុវត្តវិធានការចត្តាឡីស័កជាបន្ទាន់ចំពោះបុគ្គលនោះ ឬអ្នកពាក់ព័ន្ធ និងរាយការណ៍ភ្លាមៗមកកាន់គណៈកម្មការប្រកួត។

ស្ថាប័នទទួលបន្ទុករៀបចំលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ដដែលបានសង្កត់ធ្ងន់ថា «ករណីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដែលបង្កដោយបុគ្គល និងក្លិបកីឡាបាល់ទាត់ ដោយការធ្វេសប្រហែសមិនបានអនុវត្តត្រឹមត្រូវ ម៉ឺងម៉ាត់ទៅតាមប្រការ៣ ទី៤ និងទី៥ នៃក្រមប្រតិបត្តិ (Code of Conduct) បុគ្គលដែលប្រព្រឹត្តខុសនឹងត្រូវទទួលពិន័យ និងការផាកពិន័យជាទឹកប្រាក់ ៥លានរៀល ហើយក្លិបក៏នឹងត្រូវទទួលពិន័យ និងការផាកពិន័យជាទឹកប្រាក់ ១០លានរៀល។ នេះជាការពិន័យរដ្ឋបាលរបស់គណៈកម្មការប្រកួតប៉ុណ្ណោះ ក៏ប៉ុន្តែការពិន័យនេះមិនធ្វើឲ្យបុគ្គល និងក្លិបបាល់ទាត់នោះ រួចផុតពីកាតព្វច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជានោះឡើយ»។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមការប្រកួតឡើងវិញថ្ងៃនេះ ខណៈតាមប្រភពពីមន្ដ្រីរៀបចំការប្រកួតបានឲ្យដឹងថា រាល់ការប្រកួត ទាំងមន្ដ្រីពាក់ព័ន្ធ និងកីឡាករទាំងអស់នឹងត្រូវធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ យ៉ាងហោច ៥ម៉ោងមុនការប្រកួតផ្លូវការ។ ប៉ុន្ដែចំពោះទីលាន និងកីឡដ្ឋាន ដែលស្ថិតនៅតំបន់ក្រហម គឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការហ្វឹកហាត់ និងរៀបចំការប្រកួតឡើយ៕