(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ឧបត្ថម្ភជាស្បៀងអាហារចំនួន៥០០ឈុត ដែលសរុបរួមមាន អង្ករ ៥០០០គីឡូក្រាម មី៥០០កេស ត្រីខ ៥០០០កំប៉ុង និងពងមាន់៥០០០គ្រាប់ ដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម តាមរយៈសាលារាជធានីភ្នំពេញ។

ពិធីឧបត្ថម្ភនេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក យ៉ាវ អ៉ីយ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)។

គិតចាប់ពីករណីឆ្លងជាសហគមន៍ក្នុងព្រឹត្តិការណ៍ «២០កុម្ភៈ» មក រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសាលារាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការនិងសេចក្តីសម្រេចនានាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅប្រទេសកម្ពុជា រួមមានការអនុវត្តនូវបទបញ្ជាបម្រាមគោចរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹក ក៏ដូចជាបិទខ្ទប់នៅទូទាំងរាជធានីភ្នំពេញជាពិសេសនៅតំបន់ក្រហម និងការអនុវត្តនូវវិធានការបិទការធ្វើដំណើរឆ្លងខេត្តកន្លងមកនេះ ដែលសុទ្ធសឹងជាវិធានការ ដែលប្រកបដោយប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។

ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យ៉ាងមុតមាំ «នៅប្រទេសកម្ពុជា ដើម្បីប្រទេសកម្ពុជា» លោក យ៉ាវ អ៉ីយ៉ា និងក្រុមការងារ តំណាងឲ្យក្រុមហ៊ុន ហួវៃ ប្រចាំនៅប្រទេសកម្ពុជា បានឧបត្ថម្ភជាស្បៀងអាហារចំនួន៥ ០០ឈុត ដើម្បីរួមចំណែកជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម។

លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសតាមរយៈការឧបត្ថម្ភដែលក្រុមហ៊ុន ហួវៃ តែងតែរួមចំណែកជួយយ៉ាងសកម្ម ជាពិសេសនៅក្នុងបរិបទដ៏លំបាក កំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

លោក យ៉ាវ អ៉ីយ៉ា ក៏បានបង្ហាញនូវការដឹងគុណចំពោះសាលារាជធានីភ្នំពេញក្រោមការដឹកនាំលោក ឃួង ស្រេង ដែលបាននឹកកំពុងខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ មិនគិតពីភាពនឿយហត់ ដើម្បីធានាសុវត្ថិភាពនិងសុខមាលភាពរបស់ប្រជាជនក្នុងពេលមានជំងឺរាតត្បាតនេះ។ ក្រុមហ៊ុន ហួវៃ ប្តេជ្ញាចិត្តនឹងបន្តចូលរួមនិងខិតខំគាំទ្រយ៉ាងពេញទំហឹងដល់សាលារាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា និងផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក ដែលបានប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) មិនត្រឹមតែបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឧបករណ៍ឆ្លាតវៃ ដើម្បីជាជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យនៃ ឌីជីថលកម្ពុជា ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពសប្បុរសធម៌សង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញនូវស្មារតីសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក។

ជាក់ស្តែង ចាប់តាំងពីការរីករាលដាលនៃកូវីដ១៩នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង និងអង្គការនានាទាំងផ្នែកបច្ចេកវិទ្យា និងសម្ភារៈការពារជំងឺកូវីដ១៩ផ្សេងៗ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Huawei Cambodia៖ https://www.facebook.com/HuaweiTechKH/v