(ភ្នំពេញ)៖ កម្មវិធីសិក្សាអ្នកជំនាញបច្ចេកទេសគណនេយ្យ CAT (Certified Accounting Technician) គឺជាកម្មវិធីសិក្សាបណ្តុះបណ្តាល មូលដ្ឋានគ្រឹះផ្នែកគណនេយ្យ ដែលមានស្តង់ដាជាលក្ខណៈអន្តរជាតិ និង ជាវិថីក្លាយជាអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម (professional accountants, finance, or auditor)។

កម្មវិធីសិក្សានេះ គឺមានការទទួលស្គាល់ពីស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និង ១៨៣ប្រទេសជុំវិញពិភពលោក។

ហេតុអ្វីត្រូវសិក្សាកម្មវិធី CAT? មូលហេតុដែលត្រូវសិក្សាកម្មវិធី CAT នោះគឺកម្មវិធីនេះពិតជា ផ្តល់ជំនាញបែបបច្ចេកទេស ដោយការសិក្សាមិនផ្តោតសំខាន់តែលើទ្រឹស្តីនៃមុខវិជ្ជាប៉ុណ្ណោះទេ និស្សិត នឹងអាចអនុវត្តទៅលើបញ្ហាការងារ និងហ្វឹកហាត់លើលំហាត់ជាច្រើនដែលពាក់ព័ន្ធនឹងបច្ចេកទេស គណនេយ្យ។

ក្រៅពីនេះទៀត មុខវិជ្ជានៅក្នុងកម្មវិធីសិក្សានេះ មានសរុបចំនួន៩មុខវិជ្ជា ដែលនិស្សិត នឹងអាចទទួលបានចំណេះដឹងពាក់ពន្ធ័នឹងការធ្វើអាជីវកម្ម វិធីសាស្រ្តនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដឹងអំពីមូលដ្ឋានគ្រឹះនៃសវនកម្មផងដែរ។

តើនរណាអាចសិក្សាកម្មវិធីនេះបាន? សិស្សានុសិស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនកម្មវិធីសិក្សានេះបាន។ ដោយឡែក សម្រាប់អ្នកដែលមានអាយុលើសពី១៦ឆ្នាំ និងមានបំណងចាប់យកអាជីពជាគណនេយ្យករ ប៉ុន្តែមានប្រវត្តិការសិក្សាលើជំនាញផ្សេង ក៏អាចចុះឈ្មោះចូល រៀនកម្មវិធី CAT នេះបានដូចគ្នា។

សម្រាប់អ្នកស្ថិតក្នុងវ័យកណ្តាល តែមិនទាន់បញ្ចប់ការសិក្សាកម្រិត ថ្នាក់បរិញ្ញាបត្រ និងមានបំណងចង់ក្លាយជាអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ឬចង់រៀនកម្មវិធីសិក្សា ACCA គឺអាចចាប់ផ្តើមរៀនកម្មវិធី CAT នេះជាមុនសិនបាន។

តើកម្មវិធីសិក្សាមួយនេះ នឹងផ្តល់ប្រយោជន៍អ្វីខ្លះ ដល់អ្នកដែលកំពុងសិក្សា? យោងតាម កញ្ញា លឹម សុខម៉ី និស្សិតដែលកំពុងសិក្សាកម្មវីធី CAT និងជានិស្សិតឆ្នើមលើមុខវិជ្ជា គណនេយ្យគ្រប់គ្រង (FMA) នាសម័យប្រឡងខែមីនាឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធី CAT នេះ គឺបានបង្រៀនជំនាញបច្ចេកទេសគណនេយ្យ ដោយស្របតាមស្តង់ដាគណនេយ្យអន្តរជាតិ (IFRS®) ដែលក្រុមហ៊ុនជាច្រើននៅលើសកលលោក ក៏ដូចជាក្រុមហ៊ុនមួយចំនួនធំនៅកម្ពុជា កំពុងប្រើប្រាស់ក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ពួកគេ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងជាផ្នែក មួយនៃសវនកម្ម។

កញ្ញា លឹម សុខម៉ី បានបន្ថែមទៀតថា ចំណេះដឹង និងជំនាញដែលកញ្ញាទទួលបាន ពីកម្មវិធីសិក្សានេះ កញ្ញាបានយកមកអនុវត្តផ្ទាល់ក្នុងអាជីពការងាររបស់កញ្ញាប្រចាំថ្ងៃ ក្នុងការផ្តល់ ប្រឹក្សាយោបល់ និងរៀបចំរបាយការណ៍ស្របតាមស្តង់ដាគណនេយ្យអន្តរជាតិ (IFRS®) បានត្រឹមត្រូវជូន អតិថិជន របស់កញ្ញាផងដែរ។

តើអ្នកដែលបញ្ចប់ការសិក្សាកម្មវិធីនេះ នឹងទទួលបានឱកាសអ្វីខ្លះ? យោងតាមស្ថិតិរបស់ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធីCATក្នុងឆ្នាំ២០២០ ពិតជាទទួល បានឱកាសការងារខ្ពស់។ និស្សិតចំនួន៩៦% ដែលជារួមកំពុងបម្រើការក្នុងវិស័យរដ្ឋ ឯកជន និងជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនផងដែរ។

សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធី CAT និងកំពុង បម្រើការងារក្នុងវិស័យរដ្ឋ និងឯកជននោះ ៧%មានតួនាទីជា CFO ឬ ប្រធានគ្រប់គ្រងរង ១៧%មានតួនាទីជាគណនេយ្យករ និង៥៧%មានតួនាទី ជាសវនករ និងសវនករជាន់ខ្ពស់។

ប្រសិនជាប្អូនៗសិស្សានុសិស្ស ឬលោកអ្នកមានចំណាប់អារម្មណ៍ ចុះឈ្មោះសិក្សាលើកម្មវិធី CAT នេះ លោកអ្នកអាចចុះឈ្មោះអនឡាញតាមរយៈ https://web.cam-ed.com/beta/cat-register

លោកអ្នកក៏អាចធ្វើការទំនាក់ទំនងផ្ទាល់ ទៅកាន់វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល តាមរយៈសារអេឡិចត្រូនិច [email protected] ឬលេខទូរស័ព្ទ៖ 023 986 523 / 012 618 988។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ www.cam-ed.com ៕