(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កញ្ជ្រោងខៀវ Leicester City បានគ្រងតំណែងជើងឯកពានរង្វាន់ FA Cup ឆ្នាំ២០២១ ជាលើកដំបូងរបស់ក្លិបគិតចាប់តាំងពីឆ្នាំ១៩៦៩ មក បន្ទាប់ពីយកឈ្នះគូប្រជែងតោខៀវ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley នារាត្រីថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ នោះ កីឡាករអន្តរជាតិប៊ែលហ្សិក Yuri Tielemans ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៣ តាមរយៈស៊ុត ១ជើងស្តាំពីចម្ងាយ ២៥យ៉ាតធ្វើឲ្យអ្នកចាំទី Kepa Arrizabalaga ជួយសង្រ្គោះមិនបានឡើយ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ២១០០០នាក់ផងដែរ ដែលជាចំនួនតាំងពីប្រទេសអង់គ្លេសធ្វើការបិទប្រទេសរួចមក។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យ Leicester City ក្លាយជាក្រុមទី៤៤ ផ្សេងគ្នាដែលឈ្នះពានលំដាប់ទី២ អង់គ្លេស FA Cup មួយនេះ ក្រោយពីព្យាយាម ៥ដងរួចមក និងបន្តផ្តល់ការខកចិត្តដល់ Chelsea ដែលព្យាយាមគ្រងជើងឯកគិតចាប់តាំងពីចាញ់ Newcastle United ២សម័យកាលជាប់គ្នាកាលឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩។

Leicester City បានបញ្ចប់មហិច្ឆតាឈ្នះពាន FA Cup ជាលើកដំបូងក្រោមការបង្វឹករបស់លោក Bredan Rodgers និងជារំលឹកដល់វិញ្ញាណក្ខន្ធប្រធានក្លិប លោក Vichai ដ្បិតក្លិបមួយនេះក៏ធ្លាប់ឈ្នះពានលីគកំពូលអង់គ្លេស Premier League បានម្តងផងដែរកាលឆ្នាំ២០១៦៕