(មេនឆេស្ទើ)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានព្រមព្រៀងឲ្យខ្សែការពាររបស់ក្លិបមេឃខៀវ Manchester City គឺ Aymeric Laporte ផ្លាស់ប្តូរពីសញ្ជាតិបារាំងទៅលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

កីឡាករវ័យ ២៦ឆ្នាំខាងលើនេះទើបតែបានទទួលសញ្ជាតិអេស្ប៉ាញនៅដើមសប្តាហ៍នេះ ហើយ Laporte អាចលេងឲ្យប្រទេសនេះនៅ Euro 2020 រដូវក្តៅនេះបាន ដោយមានការឯកភាពពី FIFA ផងដែរ។

កន្លងមក Laporte បានលេងឲ្យក្រុមយុវជនបារាំង ប៉ុន្តែមិនបានបង្ហាញខ្លួនសម្រាប់ឈុតមាន់គកនេះទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា «Laporte អាចលេងឲ្យជម្រើសជាតិគោជល់អេស្ប៉ាញ ដោយពុំមានផលប៉ះពាល់អ្វីទេ»។

Laporte ដែលបានកើតនៅប្រទេសបារាំងបានផ្លាស់មកលេងឲ្យក្លិបអង់គ្លេស Manchester City ក្នុងតម្លៃបំបែកកំណត់ត្រាខ្សែការពារ ៥៧លានផោននាខែមករា ឆ្នាំ២០១៨ ពីក្លិប Athletic Bilbao របស់អេស្ប៉ាញ។

នៅឆ្នាំមុននេះ ក្នុងសមាជប្រចាំឆ្នាំរបស់ FIFA បានធ្វើវិសោធនកម្មច្បាប់មួយដែលអាចឲ្យកីឡាករអាចផ្លាស់ប្តូរការលេងឲ្យជម្រើសជាតិ ប្រសិនបើពួកគេមិនបានលេងច្រើនជាង៣ដងនៅមុនអាយុ ២១ឆ្នាំនៅក្នុងការប្រកួត World Cup និងពានរង្វាន់ប្រចាំទ្វីប UEFA Euro ជាដើម៕