(ភ្នំពេញ)៖ ការមានផ្ទៃពោះ និងការសម្រាលកូន ជាកត្តាហានីភយ័មួយ ដែលធ្វើឲ្យស្ត្រីកើតមានជំងឺឫសដូងបាតស្រួចស្រាវ ក៏ដូចជាការទល់លាមក និងការដាច់រលាត់ស្បែករន្ធបាត។

ជំងឺឫសដូងបាត គឺជាការរីកប៉ោងខូចទ្រង់ទ្រាយនៃសរសៃឈាម ដែលនៅតំបន់រន្ធបាត ហើយដែលបង្ករដោយការកើនឡើងខ្លាំងនៃសំពាធក្នុងសរសៃឈាមនោះ។ នេះបានតាមកការបញ្ជាក់របស់ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេស ថ្លើម ក្រពះ ពោះវៀន និងឬដូងបាត នៃមន្ទីរសម្រាកព្យាបាលអេគីប។

សម្រាប់ស្ត្រីមានគភ៌ មូលហេតុនៃជំងឺឫសដូងបាត និងការព្យាបាល គឺមានលក្ខណៈពិសេសខុសពីមនុស្សទូទៅធម្មតា។

១៖ រោគសញ្ញា
មានដូចជា មានដុំពកហើម ឈឺចាប់ រមាស់ និងមានឈាម។ រោគសញ្ញាទាំងនេះច្រើន តែសំគាល់ឃើញជាពិសេសនៅត្រីមាសទី៣ និងក្រោយសំរាលថ្មីៗ។ ជាទូទៅរោគសញ្ញាកើតឡើងថ្មីៗ ក៏ប៉ុន្តែក្នុងករណីខ្លះ គឺស្ត្រីមានជំងឺឫសដូងបាតតាំងពីមុនពេលមានផ្ទៃពោះ ហើយអាការៈមានសភាពធ្ងន់ធ្ងរជាងមុន នៅពេលគភ៌កាន់តែរីកធំ។ រោគសញ្ញាទាំងនេះ មិនមែនសុទ្ធតែបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់នោះទេ វាអាចជាសញ្ញានៃជំងឺផ្សេងទៀតដូចជាបូសអន្ទុង ការដាច់រលាត់ស្បែករន្ធបាត ។ល។

២៖ មូលហេតុ
មូលហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ តែងតែកើតមាននូវជំងឺឫសដូងបាតមានដូចជា ការប្រែប្រួលអរមូន ការទល់លាមក និងការរីកទំហំនៃគភ៌។ ការទល់លាមកមិនមែនជារោគសញ្ញានៃជំងឺឫសដូងបាតទេ ប៉ុន្តែបញ្ហានេះ តែងតែកើតមានជាញឹកញាប់លើស្ត្រីមានផ្ទៃពោះ។ ការទល់លាមកលើស្ត្រីមានផ្ទៃពោះបណ្ដាលមកពី៖
* របបចំំណីអាហារ ដែលខ្វះកាកសរសៃបន្លែ និងការទទួលទានទឹកតិច
* ថ្នាំជាតិដែក ក៏អាចបណ្ដាលឲ្យលាមករឹងផងដែរ
* ការរីកធំនៃគភ៌សង្កត់លើពោះវៀន ដែលរំខានដល់ចលនាពោះវៀន
* បំរែបំរួលនៃអរមូនមួយចំនួន ធ្វើឲ្យចលនាពោះយឺត

៣៖ ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យដោយគ្រូពេទ្យឯកទេស ជាវិធីតែមួយគត់ក្នុងការកំណត់រោគវិច្ឆ័យច្បាស់លាស់។
ការពឹងផ្អែកលើរោគសញ្ញាតែម្យ៉ាង ដោយមិនមានការពិនិត្យត្រឹមត្រូវ មិនអាចប្រាកដថា ជាជំងឺឫសដូងបាតបានទេ ពីព្រោះរោគសញ្ញាដែលស្ដែងចេញអាចមានមូលហេតុផ្សេងក្រៅពីឫសដូងបាត។
ការច្រឡំរោគវិនិច្ឆ័យនឹងបណ្ដាលឲ្យមានការព្យាបាលមិនត្រឹមត្រូវ ដែលពេលខ្លះអាចបង្ករជាផលវិបាកទៅវិញ។

៤៖ ការព្យាបាល
អ្នកជំងឺប្រហែល៩០-៩៥%សះស្បើយ ដោយការប្រើថ្នាំលេបនិងលាប។ ការព្យាបាលដោយការវះកាត់ នឹងអាចធ្វើឡើងប្រសិនបើស្ថានភាពជំងឺមិនបានធូរស្បើយ បន្ទាប់ពីបានប្រើប្រាស់ថ្នាំ។
ការប្រើប្រាស់ថ្នាំទាមទារឲ្យមានការប្រុងប្រយ្ន័តខ្ពស់ ពីព្រោះថ្នាំមួយចំនួនដែលប្រើព្យាបាលឫសដូងបាតលើមនុស្សទូទៅ (មិនមានផ្ទៃពោះ) គឺអាចផ្ដល់ផលវិបាកដល់កូនក្នុងផ្ទៃ។
សូមកុំប្រើប្រាស់ឱសថព្យាបាលដោយមិនបានពិគ្រោះជាមួយគ្រួពេទ្យ។

៥៖ វិធីកាត់បន្ថយហានីភ័យ
ដើម្បីកាត់បន្ថយហានីភ័យក្នុងការកើតជំងឺឫសដូងបាតកំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរអនុវត្តន៍ដូចតទៅ៖
* ញ៉ាំបន្លែផ្លែឈើ និងទឹកឲ្យបានច្រើន
* ជៀសវាងការអង្គុយបន្ទោរបង់យូរពេក