(ក្រុងឡុងដ៍)៖ កីឡាករចាំទី Alisson Becker បានឧទ្ទិសគ្រាប់បាល់ជ័យជម្នះដែលរូបគេធ្វើបាននៅនាទីចុងម៉ោងទៅដល់វិញ្ញាណក្ខន្ធឪពុកដែលបានទទួលមរណភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ដោយសាររោគាពាធ។

Alisson បានថ្លែងប្រាប់ BBC នៅក្រោយពេលចប់ការប្រកួតថា «ខ្ញុំសង្ឃឹមថាលោកឪពុកនៅទីនេះដើម្បីមើលវា។ ខ្ញុំប្រាកដថា គាត់កំពុងធ្វើពិធីជាមួយព្រះនៅក្បែរគាត់ផងដែរ»

អ្នកចាំទីអន្តរជាតិប្រេស៊ីលខាងលើនេះ បានឡើងមកតែតបញ្ចូលទីបានសម្រេចនៅនាទី ៩០+៥ ពីការបញ្ជូនរបស់ Arnold ដើម្បីយកឈ្នះម្ចាស់ផ្ទះ West Bromwich Albion ក្នុងលទ្ធផល ២-១ នៃការប្រកួតនៅ Premier League សប្តាហ៍ទី៣៦ ជើងទី២ របស់ពួកគេនៅរាត្រីថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

កីឡាករចាំទី Alisson ដែលត្រូវបានហង្សក្រហម Liverpool ទិញពីក្លិប Roma នោះបានស្រក់ទឹកភ្នែកពេញដែលជាសញ្ញារំជើបរំជួលជាខ្លាំងជាអ្វីដែលអ្នកចាត់ការទូទៅ Jurgen Klopp បានចាត់ទុកថា «ជាពេលវេលាដ៏ពិសេសសម្រាប់រូបគេ»។

លោកថា «វាមិនមែនជារៀងរាល់ថ្ងៃដែលអ្នកឃើញអ្នកចាំទីម្នាក់រកបានគ្រាប់បាល់នោះទេ ទាំងដែលម៉ោងប្រកួតបានឈានដល់ ៩០+៥ ទៅហើយនោះ។ ជាក់ស្តែងនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ១២៩ឆ្នាំរបស់ Liverpool គ្មានអ្នកចាំទីណាម្នាក់ដែលអាចរកគ្រាប់បាល់បានចុងម៉ោងនេះទេ»

គ្រាប់បាល់ជ័យជម្នះរបស់ Alisson នៅនាទីចុងម៉ោងនេះដែរ ដើម្បីរក្សាក្តីសង្ឃឹមលេងនៅ UEFA Champions League សម្រាប់រដូវកាលក្រោយ ដ្បិតពួកគេ (Liverpool) បានឡើងទៅឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន ដោយនៅសល់ ២ប្រកួតក្នុងដៃមុនបិទ Premier League រដូវកាលនេះ ដោយរក្សាប្រវត្តិលេងមិនចាញ់ និងស្មើឡើយចំពោះ ៣ប្រកួតក្នុងលីគចុងក្រោយនេះ ក្រៅពីឈ្នះ Southampton ២-០ ឈ្នះ Manchester United ៤-២ មុនមកឈ្នះ West Brom ២-១៕