(សៀមរាប)៖ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀតសរុបចំនួន ១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។

សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក (Peafowl) ចំនួន ៥ក្បាល សត្វកេងកងធំ (Great Hornbill) ចំនួន ៣ក្បាល និងសត្វព្វាំង (Wreathed Hornbill) ចំនួន ៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។

កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជាសត្វទោចមកុដ (Pileated gibbon) ចំនួន ១១ក្បាល (កើតកូនបានចំនួន ៤ក្បាល) សត្វឈ្លូស (Red muntjac) ចំនួន ៤ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន ១២ក្បាល សត្វសំពោចក្រអូប (Common palm civets) ចំនួន ៥ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ចំនួន ៤ក្បាល (កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ (Leopard Cat) ចំនួន ២ក្បាល និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន ២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់សព្វថ្ងៃសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕