(បរទេស)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវគ្គ និងឈានដល់វគ្គ២១នាក់ចុងក្រោយ នៃកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព «Miss Universe» ២០២០ ដែលធ្វើឡើងនៅអាមេរិក ក្នុងរដ្ឋផ្លរីដានោះ នៅពេលនេះម្ចាស់មកុដត្រូវបានរកឃើញហើយ គឺបានទៅលើកញ្ញា Andrea Meza តំណាងប្រទេសម៉ិកស៉ិក។ នេះបើតាមការចេញផ្សាយរបស់វេបសាយកំសាន្ត People នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
កញ្ញា Andrea Meza បវរកញ្ញាតំណាងប្រទេសម៉ិកស៉ិក បានយកឈ្នះលើបវរកញ្ញាពីរនាក់ផ្សេងទៀត មកពីប្រទេស Peru និង Brazil ក្នុងវគ្គជម្រុះ៣នាក់ចុងក្រោយ ដោយបានដណ្តើមម្ចាស់មកុដ «Miss Universe» 2020 តែម្តង។ ក្រៅពីជ័យលាភីម្ចាស់មកុដ បវរកញ្ញារងទី១ បានទៅលើនាង Julia Gama ប្រទេសប្រេស៊ីល, បវរកញ្ញារងទី២ នាង Janick Maceta del Castillo ប្រទេសប៉េរូ, បវរកញ្ញារងទី៣នាង Adline Castelino ប្រទេសឥណ្ឌា និងបវរកញ្ញារងទី៤ នាង Kimberly Jimenez សាធារណរដ្ឋដូមីនីកែន។
គួរជម្រាបថា កម្មវិធីប្រឡង «Miss Universe» 2020 នេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)
ដែលវាត្រូវបានធ្វើឡើងក្រោមវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់បេក្ខនារីតំណាងប្រទេសជាង៧០នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ៕