(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភម៉ាសចំនួន ១ម៉ឺនម៉ាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា តាមរយៈ NOCC សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តំណាងនាំយកអំណោយម៉ាសចំនួន ១ម៉ឺនម៉ាសប្រគល់ជូនលោក វ៉ាត់ ចំរើន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផ្ដល់ជូនបន្ដទៅដល់កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិនីមួយៗ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានាក្នុងឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានថ្លែងថា «ក្នុងនាមឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្ដល់ម៉ាសចំនួន ១ម៉ឺនមាសដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលនឹងត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងពេលឆាប់ៗខាងមុខ។ នេះគឺជាការគិតគូរដ៏ឧត្ដុង្គឧត្តមចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ហើយក្នុងនាមកីឡាករ-កីឡាការិនី ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណជាអនេកសម្រាប់ការផ្ដល់ភាពកក់ក្ដៅ និងការផ្ដល់អំណោយរបស់ឯកឧត្តម និងលោកជំទាវ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «កីឡាករ-កីឡាការិនីទាំងអស់នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំមកនូវកិត្តិយសជូនជាតិ ហើយក៏ដើម្បីតបស្នងនូវការយកចិត្តទុកដាក់របស់ឯកឧត្តម និងលោកជំទាវផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សង្ឃឹមថា ម៉ាសនេះ នឹងធ្វើឲ្យកីឡាករ-កីឡាការិនីអាចអនុវត្តបាននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ហើយអាចកាត់ផ្ដាច់ពីការចម្លង បើទោះបីជាកីឡាករ-កីឡាការិនី និងគ្រូបង្វឹកទាំងអស់បានចាក់វ៉ាក់សាំង ២ដងរួចមកហើយក្ដី ក៏ម៉ាសនេះនឹងប្រើជាវិធានការចាំបាច់ក្នុងការការពារ និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងវិស័យកីឡាផងដែរ»

តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន បន្ទាប់ពីមានកិច្ចប្រជុំតាមអនឡាញ (Zoom) ជាញឹកញាប់រវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ការប្រមូលផ្ដុំក្រុមជម្រើសជាតិ គ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងគុណផលកីឡាត្រៀមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូខាងមុខ ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រនៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕