(ភ្នំពេញ)៖ លោកយាយ ណយ សំណាង ដែលជាសិល្បការិនីជំនាន់ដើមដ៏មានទេពកោសល្យ និងតារាចម្រៀង វណ្ណា ស័ក្តិ ក្រោយពីត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី នៅពេលនេះស្ថានភាពរបស់សិល្បករ-សិល្បរិនី ទាំងពីរហាក់មានភាពប្រសើរឡើងច្រើនហើយ។ ជាពិសេស លោកស្រី ណយ សំណាង ត្រូវបានបញ្ជាក់ថា បានធូរស្បើយច្រើនហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។
តារាចម្រៀង វណ្ណា ស័ក្កិ បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះថា បន្ទាប់ពីទទួលការព្យាបាលក្នុងបន្ទប់តែមួយ ជាមួយម្តាយ គឺអ្នកម៉ែ ណយ សំណាងមក ទាំងរូបលោកផ្ទាល់និងម្តាយ មានអាការៈល្អប្រសើរច្រើនហើយ។ ជាពិសេស លោកស្រី ណយ សំណាង ដែលដំបូងឡើយបាយមិននឹក ទឹកមិនស្រេកនោះ មកទល់នឹងពេលនេះ អាចពិសារអាហារ និងទឹកបានវិញហើយ ខណៈក្រុមគ្រូពេទ្យក៏យកចិត្តទុកដាក់តាមដានស្ថានភាពរបស់លោកស្រី កាន់តែធ្វើឲ្យស្ថានភាពប្រសើរឡើងច្រើន បើប្រៀបធៀបពេលបញ្ចូនមកដំបូង។
តារាចម្រៀង វណ្ណា ស័ក្តិ បានបន្តថា ការព្យាបាលគឺត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ មានការផ្តល់ថ្នាំ និងសេរ៉ូម ទៀងម៉ោងពេល ហើយអាហារក៏គ្រប់គ្រាន់សម្រាប់ការទទួលទាន ដែលនៅក្នុងបន្ទប់មួយមានរូបលោកផ្ទាល់ និងម្តាយ។
លោកបានបន្ថែមថា ងាកទៅសមាជិកគ្រួសាររបស់លោកចំនួន៤នាក់ ដែលនៅផ្ទះត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ម្នាក់ ដែលត្រូវជាចៅរបស់លោកស្រី ណយ សំណាង និងត្រូវបានបញ្ចូនទៅព្យាបាលនៅមជ្ឈមណ្ឌល ដឹព្រីមៀ សែន សុខ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខណៈ៣នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។
គួរជម្រាបថា លោកស្រី ណយ សំណាង ដែលទស្សនិកជនខ្មែរជំនាន់ដើមស្គាល់ថាជា អតីតតួឯកល្ខោននិយាយដ៏ល្បីប្រចាំវិទ្យុជាតិជំនាន់ទសវត្សឆ្នាំ១៩៨០ និង ជាតារាចម្រៀងអាយ៉ៃស្រ្តីជើងចាស់ និងជាតារាកំប្លែងផងនោះ ព្រមជាមួយតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុស ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី៕