(អាល្លឺម៉ង់)៖ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Marc-Andre ter Stegen នឹងខកខានការប្រកួត European Championship នៅខែក្រោយ បន្ទាប់ពីអ្នកចាំទី ដែលលេងឲ្យក្លិប Barcelona រូបនេះ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោកចាំបាច់ត្រូវធ្វើនីតិវិធីជង្គង់របស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានលេងពេញ៩០នាទី កាលពីថ្ងៃអាទិត្យ ក្នុងលទ្ធផលបរាជ័យ២-១ ក្រោមថ្វីជើងក្រុម Celta Vigo ដែលបានបញ្ចប់ការប្រកួតប្រជែងយកពាន La Liga របស់ Barcelona ដោយសល់ការប្រកួត១លើកទៀត។

«ខ្ញុំបានសម្រេចចិត្តរួមគ្នា ជាមួយនឹងក្រុមវេជ្ជបណ្ឌិតរបស់ក្លិប ដែលខ្ញុំនឹងត្រូវធ្វើការពិនិត្យបន្ថែម លើជង្គង់របស់ខ្ញុំ។ ខ្ញុំសោកស្តាយ ដែលខ្ញុំនឹងខកខាន ការប្រកួត Euro 2020 នៅរដូវកាលនេះ ជាមួយនឹងអាល្លឺម៉ង់», នេះបើតាម Ter Stegen បានលើកឡើងតាម Instagram។

អ្នកចាំទីរបស់ក្លិប Bayern Munich និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Manuel Neuer ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមយុទ្ធនាការ Euros ខណៈដែលពួកគេ ស្ថិតក្នុងពូល F ជាមួយនឹងហុងគ្រី, ព័រទុយហ្គាល់ និងបារាំង។ ពួកគេ នឹងចាប់ផ្តើមការប្រកួតដំបូង នៅថ្ងៃទី១៥ ខែមិថុនា នាទីក្រុង Munich របស់អាល្លឺម៉ង់៕