(អាមេរិក)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក និងជាម្ចាស់ពានរង្វាន់ Grammy Awards នោះ នៅពេលនេះបានសម្រេចចិត្តរៀបការជាមួយបុរសម្នាក់ឈ្មោះថា Dalton Gomez ដែលគេស្គាល់ថា ជាភ្នាក់ងារអចលនទ្រព្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃតី១៨ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងាររបស់តារាចម្រៀង Ariana Grande បានថ្លែងប្រាប់កាសែតក្នុងស្រុកថា ពិធីមង្គលការរបស់ Ariana Grande គឺត្រូវបានរៀបចំឡើងតិចតួចប៉ុណ្ណោះ ដោយមានមនុស្សចូលរួមតិចជាង២០នាក់ ប៉ុន្តែបរិយាកាសនៃពិធីទាំងមូល គឺមានភាពសប្បាយរីករាយ។

ទន្ទឹមគ្នានេះ តារាចម្រៀង Ariana Grande បានប្រកាសថា នាងនិងលោក Gomez បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែធ្នូមកម្ល៉េះ។

គួរជម្រាបថា គូស្នេហ៍ទាំងពីរត្រូវបានគេដឹងថា បានបង្ហាញទំនាក់ទំនងនឹងគ្នាជាសាធារណៈ តាមរយៈការចូលរួមសម្តែងជាមួយគ្នា ក្នុងបទ «Stuck with U» ដែលចម្រៀង Ariana Grande សហការជាមួយ Justin Bieber។ ក្នុងចម្រៀងមួយបទនោះ គេឃើញថា តារាមាឌល្អិត Grande វ័យ២៧ឆ្នាំ និង លោក Gomez វ័យ២៥ឆ្នាំ បានរាំជាមួយគ្នាក្នុងវីដេអូចម្រៀង៕