(ភ្នំពេញ)៖ ការប្រកួតស្មើផ្ទួនៗក្នុងទឹកដី សម្រាប់ ២ប្រកួតបើករដូវកាលថ្មីរបស់ក្រុមវិសាខា បានធ្វើឲ្យអ្នកគាំទ្រហាក់មិនពេញចិត្តឡើយ ពិសេសក្រោយប្រកួតស្មើក្រុមនគរបាលជាតិ ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែអ្នកចាំទី កែវ សុខសិលា បានលើកឡើងថា លទ្ធផលនេះ មិនទាន់ជះឥទ្ធិពលខ្លាំងដល់ឱកាសប្រជែងពានរបស់ក្រុមខ្លួននោះទេ។

អ្នកចាំទីដៃទី១ ក្រុមបេក្ខភាពវគ្គជម្រុះពាន AFC Cup 2021 ខាងលើបានទទួលស្គាល់ថា ការចាប់ផ្ដើមជាមួយលទ្ធផលមិនទាន់គាប់ប្រសើរនេះ ក៏ព្រោះក្រុមខ្លួនមិនទាន់សហការជាក្រុមបានល្អ។ សិលា និយាយថា «ការប្រកួតស្មើជាមួយនគរបាលជាតិ គឺយើងអត់ទាន់សហការជាក្រុមបានល្អទេ ហើយខ្ញុំមើលទៅ ដោយសារពួកយើងប្រកួតបានតិច ទើបធ្វើឲ្យការយល់ចិត្តរវាងគ្នានឹងគ្នា មិនទាន់បានល្អ»

អតីតសមាជិកក្រុមសិង្ហក្រហមភ្នំពេញក្រោនដដែលបានសង្កត់ធ្ងន់ថា «ចំពោះលទ្ធផលស្មើ ២ប្រកួតនៅដើមរដូវកាលនេះ ខ្ញុំគិតថា វាមិនទាន់ជះឥទ្ធិពលខ្លាំងសម្រាប់ឱកាសប្រជែងពាននោះទេ ព្រោះពួកយើងទើបលេងបាន ២ប្រកួត ចឹងសល់ការប្រកួតច្រើនទៀត ហើយការប្រកួត AFC Cup វិញ យើងក៏សល់ពេលវេលាច្រើន ដើម្បីត្រៀមដែរ ចឹងយើងអាចកែតម្រូវបាននូវរាល់ចំណុចខ្វះខាតរបស់យើង»

សូមរំឮកថា មកទល់ពេលនេះ វិសាខា ទើបប្រកួតបាន ២ដងប៉ុណ្ណោះក្នុងលីគរដូវកាលថ្មី ដោយប្រកួតទី១ ស្មើក្រុមកងយោធពលខេមភូមិន្ទ ០-០ និងប្រកួតទី២ ស្មើក្រុមនគរបាលជាតិ ១-១។ ចំពោះប្រកួតបន្ទាប់ ពួកគេនឹងត្រូវធ្វើការងារធ្ងន់ដោយត្រូវជួបក្រុមខ្លាំង និងមិនទាន់ស្គាល់ចាញ់ ឬស្មើព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២២ ខែឧសភាខាងមុខ នៅកីឡដ្ឋានព្រីនស៍៕