(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់ កូរ៉េខាងត្បូង Samsung ត្រូវបានគេរាយការណ៍កាលមកថាអាចនឹងចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីបដែលមានតម្លៃ ១៧ពាន់លានដុល្លារអាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ហើយនឹងចាប់ផ្តើមដំណើរការផលិតបន្ទះឈីបនៅឆ្នាំ ២០២៤ ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងយករោងចក្រមួយនេះមកផលិតបន្ទះឈីបដ៏អស្ចារ្យ ដែលវាជាបច្ចេកវិទ្យាចុងក្រោយ និងជាតម្រូវការរបស់ក្រុមហ៊ុនអាមេរិកជាច្រើនផងដែរ។
សារព័ត៌មាន Electronics Times បានចេញផ្សាយថា Samsung បានដាក់សំណើទៅកាន់អាជ្ញាធរក្នុងតំបន់ Austin និង Texas ដើម្បីសុំច្បាប់សាងសង់រោងចក្រ ដែលមានទំហំទឹកប្រាក់ ១៧ពាន់លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារថ្មីបាន ១៨០០នាក់។
គួរបញ្ជាក់ផងដែរថា លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារអាមេរិក ពីព្រឹទ្ធសភាដើម្បីគាំទ្រដល់ការផលិតបន្ទះឈីបដែលបានជំរុញក្រុមហ៊ុនជាច្រើនដូចជា Intel Corp និងក្រុមហ៊ុនតៃវ៉ាន់ Taiwan Semiconductor Manufacturing Co ដើម្បីពិចារណាលើការវិនិយោគថ្មីៗ៕