(កូរ៉េ)៖ ផលិតកម្មល្បី និងធំមួយប្រចាំប្រទេសកូរ៉េ គឺ YG ដែលជាជម្រករបស់ក្រុមចម្រៀងល្បី BLACKPINK នៅពេលនេះ ត្រូវបានរាយការណ៍មកថា បាននឹងកំពុងតែរៀបចំគម្រោងក្នុងការបង្កើតក្រុមចម្រៀងនារីថ្មីមួយបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
សេចក្តីប្រកាសផ្លូវការពីផលិតកម្ម YG បានបញ្ជាក់ថា ក្រុមការងារពួកគេពិតជាកំពុងតែរៀបចំបង្កើតក្នុងចម្រៀងនារីថ្មីពិតប្រាកដមែន។ ទន្ទឹមនឹងការបញ្ជាក់បែបនេះ ផលិតកម្ម YG មិនបានលំអិតនោះឡើយថា តើពួកគេនឹងបើកទំព័រនៃក្រុមចម្រៀងថ្មីនោះ នៅថ្ងៃណា ខណៈអ្នកមហាជនកំពុងតែទន្ទឹងរង់ចាំ ពីសមាសភាពក្រុមចម្រៀងនារីថ្មី របស់ផលិតកម្មល្បីមួយនេះ។
គួរជម្រាបថា ប្រសិនបើក្រុមចម្រៀងនារីថ្មីត្រូវបានបង្កើតនៅក្នុងឆ្នាំ២០២១នេះ គឺមានរយៈពេល៥ឆ្នាំហើយ ដែលផលិតកម្មមួយនេះបានបង្កើតក្នុង BLACKPINK និងរយៈពេល១២ឆ្នាំហើយ នៃការបង្កើតក្រុម 2NE1៕