(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន Gojek និងក្រុមហ៊ុនលក់ទំនិញអនឡាញ Tokopedia បានរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ និងមានតម្លៃជិត ២០ពាន់លានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Start up ឥណ្ឌូនេស៊ីទាំងពីរនេះ បានព្រមព្រៀងគ្នា រួមបញ្ចូលទៅជាក្រុមហ៊ុនតែមួយដោយមានឈ្មោះថា GoTo Group ដែលនឹងផ្ដល់សេវាកម្មទិញទំនិញអនឡាញ និងដឹកជញ្ជូន និងមានតម្លៃសរុបនៅលើទីផ្សារ ១៨ពាន់លានដុល្លារអាមេរិក ដោយក្លាយជាក្រុមហ៊ុន Start up មួយដ៏ធំនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន GoTo Group បានឲ្យដឹងថា ការរួមបញ្ចូលគ្នានេះគឺទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនយក្សជាច្រើនដូចជា Alibaba, Tencent, Facebook, Google និង SoftBank ប៉ុន្តែមិនបានបញ្ជាក់ថា ក្រុមហ៊ុនយក្សទាំងនេះ មានចំណែកអ្វីខ្លះនោះទេ។
Gojek ដំបូងឡើយគឺជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់ម៉ូតូឌុប និងក្រោយមកទៀតបានពង្រីកខ្លួនជាអ្នកដឹកជញ្ជូនគ្រឿងទេស, ម្ហូបអាហារ , ថ្នាំពេទ្យ និងសេវាកម្មដឹកជញ្ជូនផ្សេងៗទៀត ដោយអតិថិជនត្រូវបង់ប្រាក់តាមរយៈ Mobile Payment ខណៈដែល Tokopedia ជាកន្លែងមួយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតជា Shop ដោយខ្លួនឯង និងលក់ទំនិញគ្រប់មុខ ដោយពាក្យថា Toko ក្នុងភាសាឥណ្ឌូនេស៊ីមានន័យថា Shop ឬហាង។
ក្រោយពីរួមបញ្ចូលគ្នា ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ ព្រោះ Gojek ផ្ដល់សេវាកម្មដឹកជញ្ជូន ខណៈ Tokopedia ជាអ្នកលក់៕