(ក្រុងឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធ Mason Mount ជាបុគ្គលទី៥៤ បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលឆ្នាំ២០២០-២០២១ ប្រចាំក្លិប តោខៀវ Chelsea ដែលស្ថិតក្នុងលីគអង់គ្លេស Premier League ដែលជាការបោះឆ្នោតជ្រើសរើសពីសំណាក់ក្រុមអ្នកគាំទ្ររបស់ក្លិបតែម្តង។នេះបើតាមការរចេញផ្សាយដោយគេហទំព័រផ្លូវការរបស់ក្លិបនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

Mason Mount បានឈ្នះពានកីឡាករឆ្នើមប្រចាំក្លិប Chelsea, Men’s Team Player of the Year Award 2020-2021 និងត្រូវបានទទួលពានរង្វាន់នេះក្នុងជំនួបរវាង Chelsea ប៉ះគូប្រជែង Leicester City សប្តាហ៍ទី៣៧ ជើងទី២ នាកីឡដ្ឋាន Stamford Bridge ខណៈក្រុមអ្នកគាំទ្រក៏អាចនឹងមានសិទ្ធិចូលរួមទស្សនាការប្រកួតវិញផងដែរចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។

Mount បានឈ្នះពាននេះ បន្ទាប់ពីទទួលបានការបោះឆ្នោតជាច្រើនពីសំណាក់អ្នកគាំទ្រក្នុងរយៈពេល ៩ខែមកនេះ គ្រាដែលរដូវកាលនេះកីឡាករដែលមានវ័យ ២២ឆ្នាំសញ្ជាតិអង់គ្លេសស៊ុតបាន ៩គ្រាប់ និងតែងតែធ្វើបានល្អក្នុងការប្រកួតធំៗរបស់ក្លិបទាំងលីគ និងក្របខណ្ឌអឺរ៉ុប។

កម្មវិធីប្រកួតរបស់ Chelsea នៅសល់ ២ប្រកួតទៀតនឹងបិទបញ្ចប់រដូវកាលនេះ ដែលត្រូវជួប Aston villa ចុងក្រោយគេ មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ត្រូវជួបជើងឯកលីគអង់គ្លេស Manchester City នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៕