(បរទេស)៖ ការធ្វើដំណើរទេសចរណ៍តាមនាវា គឺជាវិស័យដែលមានការរីកដុះដាលខ្លាំងមួយ និងទទួលបានការគាំទ្រជាខ្លាំង។ ជាច្រើនឆ្នាំកន្លងមកនេះ នាវាទេសចរណ៍ធំៗ ត្រូវបានផលិតឡើងជាបន្តបន្ទាប់ ដែលរួមមាននូវកន្លែងកម្សាន្តផ្សេងៗយ៉ាងសម្បូរបែប នៅលើនោះផ្ទាល់ សម្រាប់ភ្ញៀវទេសចរ។ តើអ្នកដឹងទេថា បច្ចុប្បន្ននាវាទេសចរណ៍មួយណា ដែលត្រូវគេចាត់ទុកថា ជានាវាទេសចរណ៍ធំជាងគេបង្អស់?

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីនាវាទេសចរណ៍យក្សទាំង ១០ ដែលមានទំហំធំជាងគេបំផុត ដូចខាងក្រោមនេះ៖

១៖ នាវាស៉ីមហ្វូនី (Symphony)
នាវា Symphony of the Seas គឺជារបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ខារីប៊ីន អ៉ីនធើណេសសិនណល (Royal Caribbean International) ដែលបច្ចុប្បន្នវាត្រូវគេចាត់ទុកថា ជាកប៉ាល់ទេសចរណ៍ មានទំហំធំជាងគេបំផុតនៅលើពិភពលោក។ នាវាទេសចរណ៍ខ្នាតយក្សនេះ មានចំណុះ ២២៨,០៨១ តោន បណ្តោយប្រវែងជាង ៣៦១ ម៉ែត្រ និង ទទឹងអតិបរមាជាង ៦៥ ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅចំនួន ២,៧៥៩ បន្ទប់ ហើយអាចផ្ទុកមនុស្សបានចាប់ពី ៥,៥១៨ ដល់ ៦,៦៨០នាក់។

កប៉ាល់ទេសចរណ៍ដ៏ធំបំផុតនៅលើពិភពលោកនេះ ត្រូវគេចាត់ទុកជាគោលដៅវិស្សមកាលដ៏អស្ចារ្យលក្ខណៈគ្រួសារ ដែលអាចផ្តល់នូវ បទពិសោធន៍វិសេសវិសាលមិនអាចបំភ្លេចបាន។ វាត្រូវបានសាងសង់ឡើងនៅក្រុមហ៊ុន សង់ត្យេស៍ ដឺ ឡាត្លង់ទិក (Chantiers de l'Atlantique/STX France) នៅប្រទេសបារាំង និងប្រគល់ឲ្យ Royal Caribbean កាលពី ឆ្នាំ២០១៨។

២៖ នាវាហាម៉ូនី (Harmony)
នាវាទេសចរណ៍ Harmony of the Seas ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean ដែរ។ បច្ចុប្បន្នវាជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោម នាវាទេសចរណ៍ ដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោក។ Harmony ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន STX France។ នាវានេះ ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Royal Caribbean កាលឆ្នាំ២០១៦ និងបានចេញដំណើរទេសចរណ៍ លើកដំបូងកាលពីឆ្នាំ២០១៩។

នាវានេះមានចំណុះ ២២៦,៩៦៣ តោន បណ្តោយប្រវែងជាង ៣៦២ ម៉ែត្រ និងទទឹងអតិបរមាជាង ៦៥ ម៉ែត្រ។ Harmony មានបន្ទប់ស្នាក់នៅ ចំនួន ២,៧៤៧ បន្ទប់ ហើយអាចឲ្យភ្ញៀវស្នាក់នៅបាន ៥,៤៩៤ នាក់ បើស្នាក់នៅក្នុងបន្ទប់មួយពីរនាក់ និងអាចឡើងរហូតដល់ ៦,៦៨៧ នាក់ ជាចំនួនអតិបរមា បើគិតតែពីប្រវែងបណ្តោយគឺ Harmony វែងជាងគេបង្អស់។

៣៖ នាវាអូអេស៉ីស (Oasis)
នាវា Oasis of the Seas ក៏ជានាវាទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean ដែរ។ នាវាទេសចរណ៍ Oasis ត្រូវបានផលិតដោយក្រុមហ៊ុន STX Europe និងត្រូវបានប្រគល់ទៅឲ្យ Royal Caribbean កាលពីឆ្នាំ២០០៩។

នាវានេះមានចំណុះ ២២៦,៨៣៨ តោន បណ្តោយប្រវែង ៣ ៦០ ម៉ែត្រ ទទឹងអតិបរមាជាង ៦០ ម៉ែត្រ។ Oasis មានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចំនួន ៥៤៨៤ នាក់ ឬអាចរហូតដល់ ៦,៧៨០ នាក់ ជាចំនួនអតិបរមា។

៤៖ នាវាអាល័រ (Allure)
Allure of the Seas គឺជានាវាទេសចរណ៍មួយផ្សេងទៀតរបស់ក្រុមហ៊ុន Royal Caribbean International ដែលជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងចំណោមនាវាទេសចរណ៍ ដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោក។ វាត្រូវបានធ្វើការសាងសង់ឡើងដោយក្រុមហ៊ុន STX Europe នៅប្រទេសហ្វាំងឡង់។

នាវាទេសចរណ៍នេះ មានចំណុះ ២២៥,២៨២ តោន បណ្តោយប្រវែង ៣៦០ ម៉ែត្រ និងប្រវែងទទឹងអតិបរមាជាង ៦០ ម៉ែត្រ។ Allure ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Royal Caribbean International កាលពីឆ្នាំ២០១០។ នាវានេះមានបន្ទប់ស្នាក់នៅ ២,៧៤២ បន្ទប់ អាចទទួលភ្ញៀវបាន ៥,៤៨៤ នាក់ និងបានរហូតដល់ ៦,៧៨០ នាក់ ជាចំនួនអតិបរមា។

៥៖ នាវាកូស្តាស្មឺរ៉ាល់ដា (Costa Smeralda)
នាវា Costa Smeralda ជានាវាទេសចរណ៍របស់ក្រុមហ៊ុន កូស្តា ខ្រួសស៉ីស (Costa Cruises) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ខានីវ៉ល ខូផើរ៉េសិន (Carnival Corporation)។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន មើយើ ធើគូ ((Meyer Turku) នៅប្រទេសហ្វាំងឡង់ ហើយបានប្រគល់ឲ្យ Costa Cruises នៅឆ្នាំ២០១៩។
នាវានេះមានចំណុះ ១៨៥,០១០ តោន បណ្តោយប្រវែង ៣៣៧ ម៉ែត្រ ទទឹង ៤២ ម៉ែត្រ ហើយមានបន្ទប់ស្នាក់នៅ ២,៦១២ បន្ទប់ អាចទទួលភ្ញៀវបានប្រមាណ ៥,២២៤ នាក់ និងបានរហូតដល់ ៦,៥៥៤ នាក់ ជាចំនួនអតិបរមា។

៦៖ នាវាអៃដាណូវ៉ា (AIDANova)
នាវាទេសចរណ៍ AIDAnova ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អៃដា ខ្រួសស៉ីស (AIDA Cruises) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carnival Corporation ។ វាជានាវា ទេសចរណ៍ដំបូងបំផុត ដែលអាចដំណើរការដោយឧស្ម័នធម្មជាតិក្នុងទម្រង់រ៉ាវហៅថា LNG។

នាវាសមុទ្រ AIDANova ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន មើយើ វើហ្វត៍ (Meyer Werft) នៅប្រទេសអាល្លឺម៉ង់ ហើយប្រគល់ឲ្យ AIDA Cruises កាលពីឆ្នាំ២០១៨។ នាវានេះមានចំណុះ ១៨៣,៨៥៨ តោន បណ្តោយប្រវែង ៣៣៧ ម៉ែត្រ និងទទឹង ៤២ ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ ២,៦២៦ បន្ទប់ និងអាចទទួលភ្ញៀវ បាន ៥,២៥២ នាក់ ហើយជាអតិបរមាបានរហូតដល់ ៦,៦៥៤ នាក់។

៧៖ នាវាហ្គ្រេនឌីអូសា (Grandiosa)

MSC Grandiosa ជានាវាទេសចរណ៍របស់ក្រុមហ៊ុន MSC Cruises។ នាវានេះមានចំណុះ ១៨១,៥៤១ តោន បណ្តោយប្រវែងជាង ៣៣១ ម៉ែត្រ និងទទឹង ៤៣ ម៉ែត្រ។
វាមានបន្ទប់ស្នាក់នៅ ២,៦៣២ បន្ទប់ អាចឲ្យភ្ញៀវស្នាក់នៅបាន ៥,២៦៤ នាក់ ហើយជាអតិបរមាបានរហូត ដល់ ៦,៧៦១ នាក់។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន STX France និងប្រគល់ឲ្យ MSC Cruises កាលពីឆ្នាំ២០១៩។

៨៖ នាវាម៉ឺរ៉ាវីគលៀ (Meraviglia)
MSC Meraviglia ក៏ជានាវាទេសចរណ៍របស់ក្រុមហ៊ុន MSC Cruises ដែរ។ នាវានេះមានចំណុះ ១៧១,៥៩៨ តោន បណ្តោយប្រវែង ជិត ៣១៦ ម៉ែត្រ ទទឹង ៤៣ ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ ២,២៤៤ បន្ទប់ អាចទទួលភ្ញៀវបាន ៤,៤៨៨ នាក់ និងជាអតិបរមារហូតដល់ ៥,៦៥៥ នាក់។

MSC Meraviglia ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Chantiers de l'Atlantique/STX France និងត្រូវបានរចនា ឡើងឲ្យអាចមានសមត្ថភាពដំណើរការបានគ្រប់រដូវកាលទាំងអស់។ នាវានេះត្រូវបានប្រគល់ឲ្យទៅ MSC Cruises កាលពីឆ្នាំ២០១៧ និងទទួលបានការពេញចិត្តជាខ្លាំងពីអតិថិជនក្នុងមជ្ឈដ្ឋានឧស្សាហកម្មទេសចរណ៍នេះ ព្រមទាំងទទួលបានពានរង្វាន់កិត្យានុភាពជាច្រើន។

៩៖ នាវាបេលីស្ស៉ីម៉ា (Bellissima)
MSC Bellissima ជានាវាទេសចរណ៍របស់ MSC Cruises ដែរ ដែលមានចំណុះ ១៧១,៥៩៨ តោន បណ្តោយប្រវែងជិត ៣១៦ ម៉ែត្រ និង ទទឹង ៤៣ ម៉ែត្រ។
វាមានបន្ទប់ស្នាក់នៅ ២,២១៧ បន្ទប់ អាចទទួលភ្ញៀវបាន ៤,៤៣៤ នាក់ និងជាអតិបរមាបានរហូតដល់ ៥,៦៨៦ នាក់។ MSC Meraviglia ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Chantiers de l'Atlantique/STX France និងប្រគល់ឲ្យទៅ MSC Cruises កាលពីឆ្នាំ២០១៩។

១០៖ នាវាស្ពិកទ្រោម (Spectrum)
នៅចំណាត់ថ្នាក់ចុងក្រោយគេនេះ គឺ Spectrum of the Seas របស់ក្រុមហ៊ុន Royal Caribbean International។ វាត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុន Meyer Werft នៅអាល្លឺម៉ង់ និងប្រគល់ឲ្យ Royal Caribbean កាលពីឆ្នាំ២០១៩។

នាវាទេសចរណ៍នេះ មានចំណុះប្រហែល ១៦៩,៣៧៩ តោន បណ្តោយប្រវែងជាង ៣៤៧ ម៉ែត្រ ទទឹងជិត ៥០ ម៉ែត្រ។ Spectrum មានបន្ទប់ស្នាក់នៅ ២,១៣៧ បន្ទប់ អាចទទួលភ្ញៀវឲ្យស្នាក់នៅ ៤,២៤៦ នាក់ និងជាអតិបរមាបានរហូតដល់ ៥,៦២២ នាក់៕