(ប៉ារីស)៖ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid, Karim Benzema ត្រូវបានបារាំងកោះហៅចូលជម្រើសជាតិវិញ ដើម្បីត្រៀមលេង Euro 2020 ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ បន្ទាប់ពីខកខានអស់ជិត ៦ឆ្នាំមកនេះ។

ក្នុងចំណោមសមាជិកសរុបចំនួន ២៦នាក់របស់លោក Didier Deschamps សម្រាប់ព្រឹត្តិការណ៍ Euro 2020 ក៏មានឈ្មោះ Benzema ផងដែរ ដ្បិតកីឡាករវ័យ ៣៣ឆ្នាំរូបនេះបានអវត្តមាន ២កម្មវិធីធំៗមានដូចជា Euro 2016 និង FIFA World Cup 2018 ជាដើម។

Top scorer ប្រចាំក្លិប Real Madrid ក្រោយពេល Cristiano Ronaldo ចាកចេញនោះ មិនបានចូលលេងប្រកួតណាមួយឡើយឲ្យក្រុមមាន់គកបារាំង គិតចាប់តាំងពីឆ្នាំ២០១៥ មក នៅពេល Benzema មានការជាប់ពាក់ព័ន្ធទៅនឹង Backmail ជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិដូចគ្នា។

ក្រៅពី Karim Benzema មិត្តរួមក្រុម កីឡាករចាំទី Hugo Lloris និងខ្សែបម្រើ Moussa Sissoko របស់ក្លិប Tottenham Hotspur រួមទាំង Lucas Digne, Kurt Zouma, Olivier Giroud, N’Golo Kante និង Paul Pogba សុទ្ធតែបន្តមានឈ្មោះដដែល ដើម្បីប្រជែងទល់នឹងក្រុមជម្រើសជាតិហុងគ្រី ព័រទុយហ្គាល់ និងអាល្លឺម៉ង់ ដែលស្ថិតក្នុងពូល F ជាមួយគ្នា៕