(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសតែងតាំងគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាចំនួន ២នាក់រួមមានលោក ភា សុភ័ក្ដ្រា មន្ដ្រីបច្ចេកទេសផ្នែកវិភាគវីដេអូរបស់គូប្រកួត (Video Analyst) នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងលោក អ៊ុក សុធី អ្នកសម្របសម្រួលបច្ចេកទេសក្រុមយុវជនថ្នាលនៃក្លិបភ្នំពេញក្រោន។

គ្រូជំនួយទាំង ២រូបខាងលើនឹងត្រូវបំពេញបេសកកម្មជាមួយក្រុមគោព្រៃកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅក្រុម លោក Keisuke Honda ដើម្បីចូលរួមការប្រកួតសេសសល់ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែន នាដើមខែមិថុនាខាងមុខ។

ចំពោះលោក ភា សុភ័ក្ដ្រា ធ្លាប់ទទួលតំណែងនេះជាច្រើនលើកមកហើយ ខណៈចុងក្រោយលោកបានធ្វើជាគ្រូជំនួយរបស់លោក Felix G.Dalmas ប៉ុន្ដែកាលពីដើមខែឧសភា ឆ្នាំ២០២០ បុរសកាន់សញ្ញាបត្រ A-License រូបនេះ បានប្រកាសលាឈប់ពីតួនាទី ក្រោមហេតុផលផ្ទាល់ តែលោកក៏បានបើកភ្លើងខៀវជួយក្រុមគោព្រៃកម្ពុជាវិញដែរ មុនលោកត្រឡប់មកវិញពេលនេះ។

គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជា គ្រោងធ្វើដំណើរទៅប្រទេសបារ៉ែន នាថ្ងៃទី២៨ ខែឧសភាខាងមុខនេះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C ចំនួន ៣ប្រកួតចុងក្រោយចាប់ពីថ្ងៃទី០៣-១១ ខែមិថុនា ឆ្នាំ២០២១ ជាមួយបេក្ខភាពក្នុងពូល ៤ក្រុមផ្សេងទៀត រួមមានក្រុមជម្រើសជាតិអ៊ីរ៉ាក់ អ៊ីរ៉ង់ ហុងកុង និងក្រុមម្ចាស់ផ្ទះប៉ារ៉ែន។

សម្រាប់ ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជារួមមាននៅថ្ងៃទី០៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា), ថ្ងៃទី០៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕