(អាមេរិក)៖ បវរកញ្ញាតំណាងប្រទេសម៉ិកស៉ិក កញ្ញា Andrea Meza បានទទួលជោគជ័យ ជាមួយទំនុងចិត្ត និងភាពស្រស់ស្អាត ក្លាយជាម្ចាស់មកុដ ក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Universe 2020» ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ជាមួយនឹងភាពជោគជ័យនេះ នាងបានធ្វើឲ្យទស្សនិកជន ជុំវិញពិភពលោកចាប់អារម្មណ៍នឹងសមាភានាងជាខ្លាំង។ ជាមួយគ្នានេះ មានចំណុចពិសេស៥យ៉ាង ដែលទស្សនិកជន គួរដឹងពីម្ចាស់មកុដរូបនេះ។
ទី១៖ Andrea Meza ក្នុងនាមជា Miss Universe 2020៖ នាងបានយកឈ្នះបេក្ខនារីចំនួន៧៣រូប មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយបានគ្រងមកុដ Miss Universe ឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែឧសភា កន្លងទៅ។ Andrea Meza បាននិយាយថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលត្រូវបានជ្រើសរើសក្នុងចំណោមស្ត្រីដ៏អស្ចារ្យចំនួន៧៣នាក់។ នេះបានន័យថា សុបិន្តក្លាយជាការពិតហើយ ដែលបានពាក់មកុដ Miss Universe ឆ្នាំ២០២០ ហើយខ្ញុំសង្ឃឹមថា នឹងបម្រើពិភពលោកតាមរយៈការតស៊ូមតិ ដើម្បីឲ្យមានភាពស្មើរគ្នា ក្នុងឆ្នាំដែលខ្ញុំគ្រងតំណែង»។
ទី២៖ Andrea Meza ក្នុងនាមជាសកម្មជនសិទ្ធនារី៖ នាងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិទ្យាស្ថានសម្រាប់ស្ត្រី ហៅកាត់ថា INMUJERES ដែលមានទីស្នាក់ការនៅប្រទេសម៉ិកស៉ិក។ INMUJERES ទទួលបន្ទុកលើកកិច្ចការ លើកកម្ពស់និងជំរុញលក្ខខណ្ឌនានា ដើម្បីបំបាត់ការរើសអើង, ភាពស្មើគ្នា, អនុវត្តពេញលេញនូវសិទ្ធស្ត្រី, ភាពស្មើគ្នារបស់ស្ត្រីក្នុងការចូលរួមផ្នែកនយោបាយ វប្បធម៌, សេដ្ឋកិច្ច-សង្គមក្នុងប្រទេស។
ទី៣៖ Andrea Meza ជឿជាក់លើភាពវិជ្ជមាន៖ នាងបាននិយាយជាលើកចុងក្រោយ ក្នុងកម្មវិធី Miss Universe 2020 អំពីស្តង់ដារសម្រស់ក្នុងសង្គម ដែលស្ត្រីត្រូវបានបង្ខំឲ្យធ្វើតាម។ នាងនិយាយថា «ពួកយើងរស់នៅក្នុងសង្គមជឿនលឿន ហើយយើងជឿនលឿនទៅតាមសង្គម ដូច្នេះផ្នត់គំនិតរបស់ពួកយើងក៏ជឿនលឿនដែរ។ សព្វថ្ងៃនេះ សម្រស់មិនមែនត្រឹមតែជាអ្វីដែលមើលឃើញនៅខាងក្រៅទេ។ សម្រាប់ខ្ញុំ សម្រស់មិនត្រឹមតែការបង្ហាញចេញមកនោះទេ ប៉ុន្តែវាចេញពីបេះដូងរបស់ពួកយើង និងវិធីដែលយើងដឹកនាំខ្លួនឯង។ សូមកុំឲ្យនរណាម្នាក់ប្រាប់អ្នកថា អ្នកគ្មានតម្លៃឲ្យសោះ»។
ទី៤៖ Andrea Meza បានបញ្ជប់ថ្នាក់បរិញ្ញាបត្រផ្នែក Software Engineering៖ នេះគឺជាមោទនភាពសម្រាប់នារី ដែលនាងបានបញ្ជប់ការសិក្សារក្នុងមុខវិជ្ជាមួយនេះ។ លើសពីនេះទៅទៀត Andrea គឺជាសិល្បករផ្នែកតុបតែងមុខ ដែលមានការទទួលស្គាល់, ជាតារាបង្ហាញម៉ូត និងជាឯកអគ្គរដ្ឋទូត នៃម៉ាកយីហោល្បី ប្រចាំប្រទេសម៉ិកស៊ិកផងដែរ។
ទី៥៖ ជំហានបន្ទាប់របស់ Andrea Meza៖ នាងនឹងធ្វើការផ្លាស់ពីតំបន់ Chihuahua នៃប្រទេសម៉ិកស៉ិក ទៅទីក្រុង New York ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជា Miss Universe 2020, នេះបើតាមគណៈកម្មការរៀបចំកម្មវិធី Miss Universe៕