(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ជឿន ណាចា បានប្ដេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងទៀត ដើម្បីទាក់ចិត្តគ្រូបង្វឹក និងផ្ដល់ឱកាសឲ្យខ្លួនបានលេងកាន់តែច្រើន ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីរូបគេបានជាប់ជាកីឡាករល្អប្រចាំការប្រកួត ក្នុងជំនួបដ៏ធំរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៏កាលពីចុងសប្ដាហ៍កន្លងទៅ។

កីឡាករមានប្រភពពីខេត្តកែបខាងលើបានសម្ដែងនូវសេចក្ដីរីករាយ ដែលដើមរដូវកាលថ្មីនេះត្រូវបានគ្រូបង្វឹក លោក ហោ សុខហេង ផ្ដល់ឱកាសឲ្យលេងគ្រប់ការប្រកួត ទោះបីក្នុងលក្ខខណ្ឌជាប់ជម្រើស ១១នាក់ដំបូង និងផ្លាស់ប្ដូរចូលលេងនៅវគ្គទី២ ក៏ដោយ ពិសេសជំនួបដ៏ធំចុងក្រោយជាមួយណាហ្គា ដែលរូបគេបានជាប់ជាកីឡាករល្អប្រចាំការប្រកួតថែមទៀត។

ណាចា បន្ដថា «ការជាប់ជាកីឡាករល្អនេះ គឺជាការលើកទឹកចិត្តមួយដ៏ធំ ព្រោះខ្ញុំបានព្យាយាមហ្វឹកហាត់ ព្យាយាមលេង ដើម្បីលេងឲ្យបានល្អក្នុងទីលាន ហើយឥឡូវខ្ញុំបានជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀត ខ្ញុំសប្បាយចិត្ត ហើយខ្ញុំប្ដេជ្ញានឹងខិតខំព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឲ្យលោកគ្រូ គាត់មានទំនុកចិត្តលើខ្ញុំ ហើយដាក់ខ្ញុំលេងគ្រប់ការប្រកួត ពិសេសដើម្បីជាប់ជម្រើស ១១នាក់ដំបូង»

គួរដឹងថា សម្រាប់ ៥ប្រកួតដើមរដូវកាលថ្មីរបស់ក្រុមកងយោធពលខេមរភូមិន្ទកន្លងមក ជឿន ណាចា សុទ្ធតែបានលេង ខណៈប្រកួតចុងក្រោយជាមួយណាហ្គាកាលពីចុងសប្ដាហ៍មុន ក្រោយប្ដូរចូលនៅវគ្គទី២ ម្ចាស់អាវលេខ២៧ រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ រហូតរួមចំណែកជួយក្រុមវាយបកតាមស្មើក្រុមលោក មាស ចាន់ណា ២-២ នៅចុងម៉ោង និងត្រូវបានគណៈកម្មការជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនេះទៀតផង៕