(ភ្នំពេញ)៖ រថយន្ត Maxus D60 គឺជារថយន្តប្រភេទ SUV ៧កៅអី ដែលនឹងចូលខ្លួន មកបង្កើនភាពរីកចម្រើន នៃខ្សែស្រឡាយរថយន្តភីកអាប់ Maxus T60 និងរថយន្តប្រភេទ MPV Maxus G50។ ដោយបន្ថែមនូវការនាំចូល នៃរថយន្តប្រភេទ SUV ៧កៅអីស៊េរីថ្មី ក្នុងគោលបំណង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្លាំងក្លា នៅក្នុងទីផ្សាររថយន្តប្រភេទ SUV នៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ ដោយចាប់ផ្តើមពីតម្លៃ៤២,៩៩០ដុល្លារ និងបង់ប្រចាំខែ ត្រឹមតែ៣៥៥ដុល្លារប៉ុណ្ណោះ។

រថយន្ត Maxus D60 ពិតជាមានប្រវែងវែង ជាងរថយន្តផ្សេងទៀត នៃប្រភេទរថយន្តផ្នែកនេះ អមជាមួយទំហំធំទូលាយ ដែលអាចជាគុណសម្បត្តិមួយ ទាក់ទងទៅនឹង ទំហំនៃកន្លែងដាក់ឥវ៉ាន់។ រថយន្តនេះ មានប្រវែង៤,៧២០mm ដោយបន្ថែមនូវទំហំធំល្អរវាងរថយន្តប្រភេទ SUV ខ្នាតតូចនិងខ្នាតកណ្តាល។ នេះមានន័យថា វាមានប្រវែង និងទំហំធំទូលាយ ជាងដៃគូប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារដូចជា៖ រថយន្តToyota Rush, Mitsubishi Xpander -ល-។

ការរចនារូបរាងខាងក្រៅបែបស្ព័រ និងមានអំណាចរបស់រថយន្ត Maxus D60 គឺតម្រូវលើអ្នកជំនួញវ័យក្មេង ដែលមានរបៀបរស់នៅបែបស៊ីវិល័យ និងទាន់សម័យ ព្រមទាំងសាកសមសម្រាប់គ្រួសារ ដែលកំពុងមានតម្រូវការការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនសម្ភារមួយចំនួន នោះលោកអ្នកអាចទុកចិត្ត ជាមួយរថយន្ត Maxus D60។

នៅផ្នែកខាងមុខ គឺបានបំពាក់ជាមួយប៉ាណាមុខដ៏ធំ ជាម៉ូតពិសេសមួយ អមដោយចង្កៀងមុខតូចស្ដើង និងចង្កៀងកាត់អ័ព្ទបែបស្ព័រ ឆ្វេងស្តាំពិតជាទាក់ទាញ រួមនឹងអំពូល LED ក៏ដូចជាកង់យ៉ាន់ស្ព័រ ១៨អ៊ីញយ៉ាងធំល្អ។ នៅផ្នែកខាងក្រោយ ក៏បានបំពាក់ដោយចង្កៀង និងអំពូលប្រភេទ LED មួយជួរវែងកាត់ទទឹង រថយន្តយ៉ាងស្រស់ស្អាត។

រថយន្ត Maxus D60 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5T ភ្ជាប់ទៅនឹងប្រអប់លេខអូតូDCT ៧វគ្គ ដែលការរៀបចំនេះ ផ្តល់នូវកម្លាំងខ្លាំងរហូតដល់ 169hp និងកម្លាំងរមួល 250Nm។ វាក៏បានភ្ជាប់មកជាមួយនឹងដំណើរការដ៏អស្ចារ្យ ជាមួយនឹងម៉ាស៊ីនតូច ដើម្បីកាត់បន្ថយការស៊ីសាំង និងការចំណាយទាបលើថ្លៃពន្ធផ្លូវ ប៉ុន្តែវាបន្ថែមជាមួយតួបូ ដើម្បីបង្កើនល្បឿន និងសំទុះបន្ថែមទៀត។

រចនាបទនៃផ្ទៃខាងក្នុង កាន់តែមានលក្ខណៈពិសេស និងទាន់សម័យ ហើយសាកសមជាមួយរូបរាងទាំងមូល គួរឲ្យកត់សម្គាល់ផងដែរ។ រថយន្ត Maxus D60 ក៏បានរចនាឡើងជាមួយអេក្រង់ដ៏ធំ ដោយបំពាក់នៅចំកណ្តាលផ្នែកខាងមុខ ហើយវាក៏បានរចនាឡើង ជាមួយកុងទ័រប្រភេទឌីជីថល ដែលមានទំហំ១២.៣អ៊ីញ អមជាមួយអំពូលភ្លើង LCD ដែលអាចផ្លាស់ប្តូរបាន៣បែបដូចជា៖ Classic, Concision និង Dynamic។

កៅអីពូក ក៏បានបំពាក់ដោយស្បែកពណ៌ខ្មៅ លាយក្រហមដែលវាមើលទៅហាក់ដូចជា រថយន្តទំនើបដែលមានតម្លៃថ្លៃចន្លោះពីខ្ទង់៥០,០០០ដុល្លារឡើងទៅ ប៉ុន្តែរថយន្ត Maxus តែងតែផ្តល់ជូននូវតម្លៃយ៉ាងសមរម្យ សម្រាប់ផលិតផលរបស់ពួកគេ រួមនឹងអត្ថប្រយោជន៍ជាច្រើនទៀតផង។

ក្រុមហ៊ុន Maxus Cambodia បានបញ្ជាក់ថា តម្លៃរបស់រថយន្ត Maxus D60 ពិតជាសាកសមសម្រាប់រថយន្ត SUV ដ៏ពេញនិយមដែលនឹងចូលខ្លួន មកប្រកួតប្រជែង នៅលើទីផ្សារ ដោយការរចនាជាមួយមុខងារពិសេសៗ និងទំនើប ដូច្នេះនេះគឺជារថយន្តមួយដែលទាក់ទាញ ដល់អតិថិជនដែលមានជីវភាពសមរម្យ៕