(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Google បានប្រកាសបង្ហាញនូវសមិទ្ធិផលថ្មីរបស់ខ្លួន ដែលនឹងបម្រើនៅក្នុងវិស័យសុខាភិបាល ជាមួយនឹងបច្ចេកវិទ្យាសញ្ញាសិប្បនិម្មិត (AI) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងព្រឹត្តិការណ៍ Google I/O ក្រុមហ៊ុន Google បានប្រកាសបង្ហាញនូវបច្ចេកវិទ្យាថ្មីគឺ ប្រើប្រាស់ AI ដើម្បីធ្វើរោគវិនិច្ឆ័យស្ថានភាពជំងឺសើស្បែក។ បច្ចេកវិទ្យាមួយនេះ ត្រូវបាន Google បញ្ជាក់ថា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់វិស័យសុខាភិបាល ដោយសម្រួលដល់ការងាររបស់វេជ្ជបណ្ឌិត ព្រោះវាមានសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺសើស្បែកផ្សេងៗ ជាពិសេសគឺអាចធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកសុដន់ និងរបេងផងដែរ។

តាមការបញ្ជាក់ ក្រុមហ៊ុន Google នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈផងដែរ ជាមួយនឹងស្មាតហ្វូន ហើយដើម្បីប្រើមុខងារនេះបាន គ្រាន់តែប្រើកាមេរ៉ាទូរស័ព្ទដៃថតទៅលើស្បែករបស់អ្នក ចំនួន២ ឬ៣កន្លែង នោះ AI វានឹងធ្វើការ។

សម្រាប់មុខងារថ្មីនេះផងដែរ វាមិនត្រឹមតែប្រើប្រាស់បានក្នុងការធ្វើរោគវិនិច្ឆ័យលើស្បែកប៉ុណ្ណេះទេ វាក៏អាចធ្វើរោគវិនិច្ឆ័យលើក្រចក និងសក់ផងដែរ។

មូលហេតុដែលជំរុញឱ្យ Google បង្កើតបច្ចេកវិទ្យាមួយនេះឡើងដោយសារតែ ក្នុងមួយឆ្នាំៗ មានការស្វែងរកព័ត៌មាន នៃស្ថានភាពជំងឺរបស់សក់ ស្បែក ក្រចក យ៉ាងតិច ១០ពាន់លានដងនៅលើ Google Search ខណៈដែលមានមនុស្សយ៉ាងតិច ២ពាន់លាននាក់ មានបញ្ហាលើជំងឺទាំងនេះនៅជុំវិញពិភពលោក៕