(តូក្យូ)៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach និងនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅថ្ងៃពុធនេះ អ្នកទាំងពីរ បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ពួកគេថា ព្រឹត្តិការណ៍ Olympic Games ដែលត្រូវបានពន្យារពេលមួយឆ្នាំនោះ នឹងធ្វើឡើងវិញ ទៅតាមការគ្រោងទុក នៅក្នុងមធ្យោបាយសុវត្ថិភាពមួយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

លោក Bach បានលើកឡើង មុនពេលកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រយៈពេល៣ថ្ងៃមួយ ដោយមានការចូលរួមពីមន្ត្រី IOC និងអ្នករៀបចំ Tokyo Olympic ថា «យើងទាំងអស់គ្នា ជាមួយនឹងដៃគូជប៉ុន និងមិត្តភក្តិ, ខ្ញុំអាចបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តពេញលេញរបស់ IOC នឹងរៀបចំព្រឹត្តិការណ៍ Olympic និង Paralympic Games ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកគ្រប់គ្នា»។

Bach បន្ថែមថា IOC នឹងបញ្ជូនមន្ត្រីវេជ្ជសាស្ត្រជំនាញបន្ថែមទៀត ដើម្បីជួយអ្នករៀបចំកម្មវិធី ក្នុងការកាត់បន្ថយការខ្វះខាតបុគ្គលិកវេជ្ជសាស្ត្រ។ លោកបានលើកឡើងឲ្យដឹងដែរថា យ៉ាងហោចណាស់ ៧៥ភាគរយ នៃអត្តពលិក និងអ្នកចូលរួម ដែលត្រូវស្នាក់នៅភូមិ Olympic នឹងទទួលបានការចាក់វ៉ាក់សាំង មុនពេលការប្រកួតចាប់ផ្តើម។ លោកជឿថាតួលេខនេះ នឹង "ខ្ពស់ជាង៨០ភាគរយ" នៅពេលដែលការប្រកួតបានចាប់ផ្តើម។

ជាមួយគ្នានោះ លោក Suga បានលើកឡើង នៅក្នុងសម័យប្រជុំពេញអង្គសភាជាន់ខ្ពស់ថា រដ្ឋាភិបាលរបស់លោក នឹងជំរុញឆ្ពោះទៅមុន ជាមួយនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ប្រកបដោយសុវត្ថិភាព។

លោកបន្ថែមថា តាមរយៈអត្តពលិក និងអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ បានអនុវត្តយ៉ាងពេញលេញ នូវវិធានការបង្ការជំងឺ, ពួកគេនឹងអាចចូលរួមក្នុងព្រឹត្តិការណ៍ ប្រកបដោយសន្តិភាពក្នុងចិត្ត។

សូមរំលឹកថា Tokyo Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ៕